ជំពូក 1 : ស្វ៊ីត ការសិក្សាស្វ៊ីត គឺបណ្តាលឱ្យគណិតវិទ្យាកាន់តែមានការរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈផលបូកតួនៃស្វ៊ីតអាចឱ្យគេសង់បាននូវតារាងនៃអនុគមន៍ត្រីកោណមាត្រ និងអនុគមន៍លោការីត មិនត្រឹមតែប៉ុណ្ណោះក៏អាចឱ្យគេគណនាបាននូវតម្លៃលេខ \(\displaystyle e\) និង \(\displaystyle \pi\) ទៀតផង ។
- បង្ហាញសញ្ញាណស្វ៊ីតចំនួនពិត ស្វ៊ីតរាប់អស់ និងស្វ៊ីតអនន្តតួ
- សរសេរតួនៃស្វ៊ីត និងកំណត់តួទី \(\displaystyle n\) នៃស្វ៊ីត
- បង្ហាញថាស្វ៊ីតមួយជាស្វ៊ីតកើនឬស្វ៊ីតចុះ
- បង្ហាញស្វ៊ីតម៉ូណូតូន ។
1. សញ្ញាណស្វ៊ីត
ឧទាហរណ៍ 1 : ចំនួនគត់ធម្មជាតិ \(\displaystyle 1, 2, 3, 4, 5, \dots\) ; ចំនួនគត់គូ \(\displaystyle 2, 4, 6, 8, 10, \dots\) ; ចំនួនគត់សេសតូចជាង \(\displaystyle 16\) គឺ \(\displaystyle 1, 3, 5, 7, 9, 11, 13, 15\) ; ចំនួនសនិទាន \(\displaystyle 1, \frac12, \frac13, \frac14, \frac15, \frac16\) ។
ចំនួនដែលរៀបតាមលំដាប់នេះហៅថា ស្វ៊ីតនៃចំនួនពិត ។ ស្វ៊ីត \(\displaystyle 1, 2, 3, 4, 5, \dots\) ហៅថា ស្វ៊ីតអនន្តតួ (មានចំនួនតួច្រើនរាប់មិនអស់) ។ ស្វ៊ីត \(\displaystyle 1, 3, 5, \dots, 15\) និង \(\displaystyle 1, \frac12, \dots, \frac16\) ហៅថា ស្វ៊ីតរាប់អស់ (រាប់ចំនួនតួបាន ហើយស្គាល់តួចុងក្រោយ) ។
ឧទាហរណ៍ 2 : \(\displaystyle f : \mathbb{N} \to \mathbb{R}\), \(\displaystyle f(n) = 2n + 1\) ។ \(\displaystyle f(1) = 3\), \(\displaystyle f(2) = 5\), \(\displaystyle f(3) = 7\), \(\displaystyle f(4) = 9\), \(\displaystyle \dots\) ។ ចំនួនរៀបតាមលំដាប់ \(\displaystyle 3, 5, 7, 9, \dots\) ជាស្វ៊ីតចំនួនពិត ; ចំនួននីមួយៗហៅថា តួ : \(\displaystyle 3\) ជាតួទី \(\displaystyle 1\), \(\displaystyle 5\) ជាតួទី \(\displaystyle 2\), \(\displaystyle 7\) ជាតួទី \(\displaystyle 3\) ។
និយមន័យ : ស្វ៊ីតចំនួនពិតគឺជាអនុគមន៍លេខដែលកំណត់ពី \(\displaystyle \mathbb{N}\) ទៅ \(\displaystyle \mathbb{R}\) ។ គេតាងតួដោយ \(\displaystyle a_1, a_2, a_3, \dots, a_n\) ហើយតាងស្វ៊ីតដោយ \(\displaystyle (a_n)\) ដែល \(\displaystyle n \in \mathbb{N} = \{1, 2, 3, \dots\}\) ។
បំពេញតួនៃស្វ៊ីតឱ្យបានបីតួទៀត ៖ ក. \(\displaystyle 1, 5, 9, \dots\) ខ. \(\displaystyle 1, 8, 27, \dots\) ។
ក. \(\displaystyle 1, 5, 9, 13, 17, 21\) (បូកបួន) ខ. \(\displaystyle 1, 8, 27, 64, 125, 216\) (គូបនៃ \(\displaystyle 1, 2, 3, \dots\)) ។
សរសេរគ្រប់តួនៃស្វ៊ីតរាប់អស់ \(\displaystyle a_n = \dfrac{(-1)^{n+1}}{n+1}\), \(\displaystyle 1 \le n \le 5\) ។
\(\displaystyle a_1 = \dfrac{(-1)^2}{2} = \dfrac12\), \(\displaystyle a_2 = \dfrac{(-1)^3}{3} = -\dfrac13\), \(\displaystyle a_3 = \dfrac14\), \(\displaystyle a_4 = -\dfrac15\), \(\displaystyle a_5 = \dfrac16\) ។ ប្រាំតួគឺ \(\displaystyle \dfrac12, -\dfrac13, \dfrac14, -\dfrac15, \dfrac16\) ។
ក. ស្វ៊ីត \(\displaystyle 3, 8, 15, \dots\) ៖ បន្តសរសេរបីតួទៀត ។ ខ. សរសេរតួនៃ \(\displaystyle a_n = \frac1{n+2}\), \(\displaystyle 1 \le n \le 4\) ។ គ. សរសេរតួនៃ \(\displaystyle a_n = 2 + \frac1{2^n}\), \(\displaystyle n \in \mathbb{N}\) ។
មើលចម្លើយ
ក. \(\displaystyle 24, 35, 48\) ខ. \(\displaystyle \frac13, \frac14, \frac15, \frac16\) គ. \(\displaystyle \frac52, \frac94, \frac{17}8, \dots, 2 + \frac1{2^n}\) ។
2. តួទី n នៃស្វ៊ីត
ឧទាហរណ៍ 1 : ស្វ៊ីត \(\displaystyle 1, 2, 3, 4, 5, \dots\) មាន \(\displaystyle a_1 = 1\), \(\displaystyle a_2 = 2\), \(\displaystyle \dots\), \(\displaystyle a_n = n\) ។
ឧទាហរណ៍ 2 : ស្វ៊ីត \(\displaystyle 2, 4, 6, 8, 10, \dots\) ៖ \(\displaystyle a_1 = 2 \times 1\), \(\displaystyle a_2 = 2 \times 2\), \(\displaystyle a_3 = 2 \times 3\), \(\displaystyle a_4 = 2 \times 4\), \(\displaystyle \dots\) ដូច្នេះ \(\displaystyle a_n = 2n\) ។
បើស្គាល់តួដំបូងនិងតួបន្តបន្ទាប់ ដើម្បីសរសេររូបមន្តតួទី \(\displaystyle n\) គេពិនិត្យតួនីមួយៗ រួចរកលំនាំរបស់វា ។ តួនីមួយៗជាអនុគមន៍នៃលេខរៀបតួ (\(\displaystyle n = 1, 2, \dots\)) ។
កំណត់តួទី \(\displaystyle n\) នៃស្វ៊ីត \(\displaystyle 3, 5, 7, 9, 11, \dots\) ។ (សៀវភៅបោះពុម្ព «\(\displaystyle 3, 5, 7, 11\)» ជាកំហុសបោះពុម្ព ព្រោះដំណោះស្រាយគណនា \(\displaystyle a_4 = 9\) ។)
\(\displaystyle a_1 = 3 = 2 \times 1 + 1\), \(\displaystyle a_2 = 5 = 2 \times 2 + 1\), \(\displaystyle a_3 = 7 = 2 \times 3 + 1\), \(\displaystyle a_4 = 9 = 2 \times 4 + 1\), \(\displaystyle a_5 = 11 = 2 \times 5 + 1\) ។ ដូច្នេះ \(\displaystyle a_n = 2n + 1\) ។
បាល់មួយទម្លាក់ពីកម្ពស់ \(\displaystyle 6\text{ m}\) ។ បាល់ធ្លាក់ដល់ដីតែងតែលោតឡើងវិញបាន \(\displaystyle \frac23\) នៃកម្ពស់ដែលធ្លាក់ចុះ ។ កំណត់កម្ពស់នៃបាល់ជាបន្តបន្ទាប់ដោយសរសេរជាស្វ៊ីត រួចកំណត់តួទី \(\displaystyle n\) ។
លើកទី \(\displaystyle 1\) បាល់លោតឡើងបាន \(\displaystyle 6\left(\frac23\right) = 4\text{ m}\) ; លើកទី \(\displaystyle 2\) បាល់ធ្លាក់ពី \(\displaystyle 6\left(\frac23\right)\) ហើយលោតបាន \(\displaystyle 6\left(\frac23\right)^2\) ។ កម្ពស់បន្តបន្ទាប់គឺ \(\displaystyle 6\left(\frac23\right)^1, 6\left(\frac23\right)^2, 6\left(\frac23\right)^3, \dots\) ដូច្នេះ \(\displaystyle a_n = 6 \times \left(\dfrac23\right)^{n-1}\) (បើរាប់កម្ពស់ដំបូង \(\displaystyle 6\) ជាតួទី \(\displaystyle 1\)) ។
កំណត់តួទី \(\displaystyle n\) នៃស្វ៊ីត ក. \(\displaystyle -1, 2, 7, 14, 23, \dots\) ខ. \(\displaystyle \frac23, \frac34, \frac45, \frac56, \dots\) ។
មើលចម្លើយ
ក. \(\displaystyle a_n = n^2 - 2\) ខ. \(\displaystyle a_n = \dfrac{n+1}{n+2}\) ។
3. អថេរភាពនៃស្វ៊ីត
3.1. ស្វ៊ីតកើន ស្វ៊ីតចុះ
ឧទាហរណ៍ 1 : \(\displaystyle a_n = n\) មានតួ \(\displaystyle 1, 2, 3, 4, \dots\) ហើយ \(\displaystyle a_1 < a_2 < a_3 < \dots < a_n < a_{n+1} < \dots\) : ស្វ៊ីតកើនដាច់ខាត ។
ឧទាហរណ៍ 2 : តួ \(\displaystyle 1, 1, 2, 3, 4, 5, \dots\) ហើយ \(\displaystyle a_1 \le a_2 \le a_3 \le \dots\) : ស្វ៊ីតកើន ។
ឧទាហរណ៍ 3 : \(\displaystyle a_n = \dfrac1n\) មានតួ \(\displaystyle 1, \frac12, \frac13, \frac14, \dots\) ហើយ \(\displaystyle a_1 > a_2 > a_3 > \dots\) : ស្វ៊ីតចុះ ។
និយមន័យ : ស្វ៊ីត \(\displaystyle (a_n)\) ជា ស្វ៊ីតកើន លុះត្រាតែ \(\displaystyle a_{n+1} \ge a_n\) គ្រប់ \(\displaystyle n \in \mathbb{N}\) ; ជា ស្វ៊ីតចុះ លុះត្រាតែ \(\displaystyle a_{n+1} \le a_n\) គ្រប់ \(\displaystyle n \in \mathbb{N}\) ។
ក. បង្ហាញថា \(\displaystyle a_n = 3n + 1\) ជាស្វ៊ីតកើន ។ ខ. បង្ហាញថា \(\displaystyle b_n = 12 - 2n\) ជាស្វ៊ីតចុះ ។
ក. \(\displaystyle a_{n+1} - a_n = [3(n+1) + 1] - (3n + 1) = 3 > 0\) ដូច្នេះ \(\displaystyle a_{n+1} > a_n\) : ស្វ៊ីតកើន ។ ខ. \(\displaystyle b_{n+1} - b_n = [12 - 2(n+1)] - (12 - 2n) = -2 < 0\) ដូច្នេះ \(\displaystyle b_{n+1} < b_n\) : ស្វ៊ីតចុះ ។
តើស្វ៊ីតមួយណាកើន មួយណាចុះ ? ក. \(\displaystyle (a_n)_{n \ge 5}\) ដែល \(\displaystyle a_n = \frac{3n}2\) ខ. \(\displaystyle (a_n)_{n \ge 3}\) ដែល \(\displaystyle a_n = \frac2n\) ។
មើលចម្លើយ
ក. ស្វ៊ីតកើន (\(\displaystyle a_{n+1} - a_n = \frac32 > 0\)) ខ. ស្វ៊ីតចុះ (\(\displaystyle a_{n+1} - a_n = \frac{-2}{n(n+1)} < 0\)) ។
3.2. ស្វ៊ីតម៉ូណូតូន
ឧទាហរណ៍ 1 : \(\displaystyle a_n = \dfrac{n}{n+1}\) មានតួ \(\displaystyle \frac12, \frac23, \frac34, \frac45, \dots\) ហើយ \(\displaystyle a_1 < a_2 < a_3 < \dots\) : ស្វ៊ីតកើន ដូច្នេះជាស្វ៊ីតម៉ូណូតូន ។
ឧទាហរណ៍ 2 : \(\displaystyle a_n = 1 + \dfrac1n\) មានតួ \(\displaystyle 2, \frac32, \frac43, \frac54, \dots\) ហើយ \(\displaystyle a_1 > a_2 > a_3 > \dots\) : ស្វ៊ីតចុះ ដូច្នេះជាស្វ៊ីតម៉ូណូតូន ។
និយមន័យ : ស្វ៊ីត \(\displaystyle (a_n)\) ជា ស្វ៊ីតម៉ូណូតូន កាលណាវាជាស្វ៊ីតកើនឬជាស្វ៊ីតចុះ ។
បង្ហាញថា \(\displaystyle a_n = \dfrac{n}{n+1}\) ជាស្វ៊ីតម៉ូណូតូន ។
របៀបទី 1 : \(\displaystyle a_{n+1} - a_n = \dfrac{n+1}{n+2} - \dfrac{n}{n+1} = \dfrac{(n+1)^2 - n(n+2)}{(n+1)(n+2)} = \dfrac{1}{(n+1)(n+2)} > 0\) ដូច្នេះ \(\displaystyle a_{n+1} > a_n\) : ម៉ូណូតូន ។
របៀបទី 2 : ដោយ \(\displaystyle a_n > 0\) ហើយ \(\displaystyle \dfrac{a_{n+1}}{a_n} = \dfrac{n+1}{n+2} \times \dfrac{n+1}{n} = \dfrac{n^2 + 2n + 1}{n^2 + 2n} > 1\) នោះ \(\displaystyle a_{n+1} > a_n\) : ម៉ូណូតូន ។
តើស្វ៊ីតមួយណាជាស្វ៊ីតម៉ូណូតូន ? ក. \(\displaystyle 1, \frac12, \frac13, \dots, \frac1n, \dots\) ខ. \(\displaystyle a_n = \frac{2^n}{n}\), \(\displaystyle n \ge 1\) គ. \(\displaystyle 1, -\frac12, \frac13, -\frac14, \dots, (-1)^{n+1}\frac1n, \dots\) ។
មើលចម្លើយ
ក. ម៉ូណូតូន (ចុះ) ខ. ម៉ូណូតូន (\(\displaystyle \frac{a_{n+1}}{a_n} = \frac{2n}{n+1} \ge 1\) : កើន) គ. មិនមែនម៉ូណូតូន (ចុះឡើងជាវេន) ។
លំហាត់
- សរសេរបីតួបន្ទាប់ ៖ ក. \(\displaystyle 5, 10, 15, 20, \dots\) ខ. \(\displaystyle 1, 5, 14, 30, 55, \dots\) ។
- សរសេរតួនៃស្វ៊ីតរាប់អស់ ៖ ក. \(\displaystyle a_n = \frac{(-1)^n}{n}\) ចំពោះ \(\displaystyle 1 \le n \le 8\) ខ. \(\displaystyle b_n = 2^{-n+2}\) ចំពោះ \(\displaystyle 1 \le n \le 5\) ។
- សរសេរបួនតួដំបូង ៖ ក. \(\displaystyle a_n = \frac{(-1)^n}{n^2}\) ខ. \(\displaystyle b_n = \frac{1}{n^2 + n}\) គ. \(\displaystyle c_n = (-1)^n(n - 2)^2\) ឃ. \(\displaystyle d_n = (-1)^n 2^{n-1}\) ។
- កំណត់តួទី \(\displaystyle n\) ចំពោះគ្រប់ \(\displaystyle n \in \mathbb{N}\) ៖ ក. \(\displaystyle 5, 7, 9, 11, 13, \dots\) ខ. \(\displaystyle -3, -1, 1, 3, 5, \dots\) គ. \(\displaystyle 16, 13, 10, 7, 4, \dots\) ឃ. \(\displaystyle \frac23, \frac35, \frac47, \frac59, \dots\) ។
- បង្ហាញថា \(\displaystyle a_n = \frac1{n+3}\) ជាស្វ៊ីតចុះ ។
- បង្ហាញថា \(\displaystyle b_n = \frac{2n+1}{n+3}\) ជាស្វ៊ីតកើន ។
- សិក្សាភាពម៉ូណូតូន ៖ ក. \(\displaystyle (a_n)_{n \in \mathbb{N}}\) ដែល \(\displaystyle a_n = \frac1n\) ខ. \(\displaystyle a_n = n^3 + 4n - 5\) គ. \(\displaystyle a_{n+1} = a_n^2\) និង \(\displaystyle a_1 = 2\) ។
- \(\displaystyle a_1 = 1\) និង \(\displaystyle a_{n+1} = a_n^2 + a_n + 1\) ។ ក. បង្ហាញថា \(\displaystyle (a_n)\) ជាស្វ៊ីតកើន ។ ខ. បង្ហាញថា \(\displaystyle a_n \ge n\) គ្រប់ \(\displaystyle n\) ។
ចម្លើយលំហាត់
- ក. \(\displaystyle 25, 30, 35\) ខ. \(\displaystyle 91, 140, 204\) (តួនីមួយៗជាផលបូកការេ \(\displaystyle 1^2 + 2^2 + \dots + n^2\)) ។
- ក. \(\displaystyle -1, \frac12, -\frac13, \frac14, -\frac15, \frac16, -\frac17, \frac18\) ខ. \(\displaystyle 2, 1, \frac12, \frac14, \frac18\) ។
- ក. \(\displaystyle -1, \frac14, -\frac19, \frac1{16}\) ខ. \(\displaystyle \frac12, \frac16, \frac1{12}, \frac1{20}\) គ. \(\displaystyle -1, 0, -1, 4\) ឃ. \(\displaystyle -1, 2, -4, 8\) ។
- ក. \(\displaystyle a_n = 2n + 3\) ខ. \(\displaystyle a_n = 2n - 5\) គ. \(\displaystyle a_n = 19 - 3n\) ឃ. \(\displaystyle a_n = \frac{n+1}{2n+1}\) ។
- \(\displaystyle a_{n+1} - a_n = \frac1{n+4} - \frac1{n+3} = \frac{-1}{(n+3)(n+4)} < 0\) ។
- \(\displaystyle b_{n+1} - b_n = \frac{2n+3}{n+4} - \frac{2n+1}{n+3} = \frac5{(n+3)(n+4)} > 0\) ។
- ក. ចុះ ដូច្នេះម៉ូណូតូន ខ. \(\displaystyle a_{n+1} - a_n = 3n^2 + 3n + 5 > 0\) : កើន ដូច្នេះម៉ូណូតូន គ. \(\displaystyle a_{n+1} - a_n = a_n(a_n - 1) > 0\) ព្រោះ \(\displaystyle a_n \ge 2\) : កើន (\(\displaystyle 2, 4, 16, 256, \dots\)) ដូច្នេះម៉ូណូតូន ។
- ក. \(\displaystyle a_{n+1} - a_n = a_n^2 + 1 > 0\) : កើន ខ. \(\displaystyle a_1 = 1 \ge 1\) ; បើ \(\displaystyle a_n \ge n\) នោះ \(\displaystyle a_{n+1} = a_n^2 + a_n + 1 \ge n^2 + n + 1 \ge n + 1\) ។
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១១ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។