1. ទំព័រដើម
  2. ថ្នាក់ទី ១២
  3. មេរៀន
  4. ជំពូកទី ២ · មេរៀនទី ២
២
ជំពូកទី ២ : ដេរីវេនៃអនុគមន៍ · មេរៀនទី ២

អនុវត្តន៍នៃដេរីវេ

ឧទាហរណ៍ ៨ប្រតិបត្តិ ៤

វត្ថុបំណង

  1. ប្រើដេរីវេក្នុងការគណនាតម្លៃបរមា
  2. ដោះស្រាយចំណោទដែលជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃ
  3. កំណត់ល្បឿន និងសំទុះនៃចលនាមួយ
  4. ប្រើដេរីវេក្នុងការគណនាអត្រាបម្រែបម្រួល ។

1. អនុវត្តន៍ក្នុងការគណនាតម្លៃបរមា

លំហាត់គំរូ 1 : កសិករម្នាក់ចង់ធ្វើរបងហ៊ុមព័ទ្ធចម្ការមួយដែលមានរាងជាចតុកោណកែងដែលមានបរិមាត្រស្មើនឹង \(\displaystyle 400\text{ m}\) ។

  1. ក. ចូរគណនាផ្ទៃក្រឡាចម្ការនេះជាអនុគមន៍នៃ \(\displaystyle x\)
  2. ខ. កំណត់តម្លៃ \(\displaystyle x\) និង \(\displaystyle y\) ដើម្បីឱ្យផ្ទៃក្រឡាចម្ការនេះមានតម្លៃធំបំផុត ។

ដំណោះស្រាយ :

  1. ក.

    គណនាផ្ទៃក្រឡាចម្ការជាអនុគមន៍នៃ \(\displaystyle x\)

    ដោយចម្ការនេះមានរាងជាចតុកោណកែងគេបានផ្ទៃក្រឡាចម្ការគឺ \(\displaystyle xy\) ដោយបរិមាត្រចម្ការស្មើនឹង \(\displaystyle 400\text{ m}\) នាំឱ្យ \(\displaystyle 2x + 2y = 400\) សមមូល \(\displaystyle x + y = 200 \implies y = 200 - x\) នោះគេបាន \(\displaystyle xy = x(200 - x) = 200x - x^2\) ដូច្នេះ ផ្ទៃក្រឡាចម្ការជាអនុគមន៍នៃ \(\displaystyle x\) គឺ \(\displaystyle A(x) = 200x - x^2\) ។

  2. ខ.

    កំណត់តម្លៃ \(\displaystyle x\) និង \(\displaystyle y\) ដើម្បីឱ្យផ្ទៃក្រឡាចម្ការនេះមានតម្លៃធំបំផុត

    គេមាន \(\displaystyle A(x) = 200x - x^2\) នោះគេបាន \(\displaystyle A'(x) = (200x - x^2)' = 200 - 2x\) ឱ្យ \(\displaystyle A'(x) = 0\) សមមូល \(\displaystyle 200 - 2x = 0 \iff x = 100\) ។

    តារាងអថេរភាព

    \(\displaystyle x\)\(\displaystyle 0\)\(\displaystyle 100\)\(\displaystyle 200\)
    \(\displaystyle A'(x)\)\(\displaystyle +\)\(\displaystyle 0\)\(\displaystyle -\)
    \(\displaystyle A(x)\)\(\displaystyle \nearrow\)អតិបរមា\(\displaystyle \searrow\)

    ផ្ទៃក្រឡាចម្ការមានតម្លៃអតិបរមា លុះត្រាតែ \(\displaystyle x = 100\) តាម \(\displaystyle y = 200 - x\) គេបាន \(\displaystyle y = 200 - 100 = 100\) ។

    ដូច្នេះ ដើម្បីឱ្យផ្ទៃក្រឡាចម្ការមានតម្លៃធំបំផុត លុះត្រាតែ \(\displaystyle x = 100\text{ m}\), \(\displaystyle y = 100\text{ m}\) ។

លំហាត់គំរូ 2 : គេចង់ធ្វើប្រអប់បើកមួយពីក្រដាសកាតុងដែលមានរាងចតុកោណកែងដោយកាត់ការេតូចៗនៅត្រង់មុំកែងចេញ (ដូចរូប) ។ គេដឹងថាបណ្តោយ \(\displaystyle 8\text{ dm}\) និងទទឹង \(\displaystyle 3\text{ dm}\) ។

  1. ក. ចូរគណនាមាឌនៃប្រអប់ជាអនុគមន៍នៃ \(\displaystyle x\)
  2. ខ. កំណត់តម្លៃ \(\displaystyle x\) ដើម្បីឱ្យប្រអប់មានមាឌអតិបរមា រួចគណនាមាឌអតិបរមានោះ ។

ដំណោះស្រាយ :

  1. ក.

    គណនាមាឌនៃប្រអប់ជាអនុគមន៍នៃ \(\displaystyle x\)

    ដើម្បីធ្វើប្រអប់បានលុះត្រាតែ \(\displaystyle 0 < 2x < 3\) សមមូល \(\displaystyle 0 < x < 1.5\) ។ ដោយប្រអប់បើកមានរាងជាប្រលេពីប៉ែតកែង គេបាន មាឌប្រអប់គឺ

    \(\displaystyle V(x) = (8 - 2x)(3 - 2x)x = (8 - 2x)(3x - 2x^2) = 24x - 16x^2 - 6x^2 + 4x^3 = 4x^3 - 22x^2 + 24x\) ។ ដូច្នេះ មាឌនៃប្រអប់គឺ \(\displaystyle V(x) = 4x^3 - 22x^2 + 24x\) ។

  2. ខ.

    កំណត់តម្លៃ \(\displaystyle x\) ដើម្បីឱ្យប្រអប់មានតម្លៃអតិបរមា

    គេមាន \(\displaystyle V(x) = 4x^3 - 22x^2 + 24x\) គេបាន \(\displaystyle V'(x) = (4x^3 - 22x^2 + 24x)' = 12x^2 - 44x + 24\) គេឱ្យ \(\displaystyle V'(x) = 0\) សមមូល \(\displaystyle 12x^2 - 44x + 24 = 0 \iff 3x^2 - 11x + 6 = 0 \iff (3x - 2)(x - 3) = 0 \iff x = \dfrac{2}{3},\ x = 3\) ដោយ \(\displaystyle 0 < x < 1.5\) នោះ \(\displaystyle x = 3\) មិនយក ។

    តារាងអថេរភាព

    \(\displaystyle x\)\(\displaystyle 0\)\(\displaystyle \frac{2}{3}\)\(\displaystyle 1.5\)
    \(\displaystyle V'(x)\)\(\displaystyle +\)\(\displaystyle 0\)\(\displaystyle -\)
    \(\displaystyle V(x)\)\(\displaystyle \nearrow\)អតិបរមា\(\displaystyle \searrow\)

    មាឌអតិបរមា \(\displaystyle V\left(\dfrac{2}{3}\right) = 4\left(\dfrac{2}{3}\right)^3 - 22\left(\dfrac{2}{3}\right)^2 + 24\left(\dfrac{2}{3}\right) = \dfrac{200}{27}\text{ dm}^3\) ដូច្នេះ \(\displaystyle x = \dfrac{2}{3}\text{ dm}\) ដើម្បីឱ្យប្រអប់មានមាឌអតិបរមា និងមាឌអតិបរមាគឺ \(\displaystyle V\left(\dfrac{2}{3}\right) = \dfrac{200}{27}\text{ dm}^3\) ។

លំហាត់គំរូ 3 : ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់មួយបានចំណាយប្រាក់ចំនួន \(\displaystyle 2\) ពាន់រៀលសម្រាប់ផលិតសម្ភារៈ \(\displaystyle 1\) គ្រឿង ។ គេដឹងថាបើក្រុមហ៊ុនលក់សម្ភារៈ \(\displaystyle 1\) គ្រឿងតម្លៃ \(\displaystyle 5\) ពាន់រៀល នោះក្នុងមួយខែលក់អស់ \(\displaystyle 4000\) គ្រឿង ។ អ្នកគ្រប់គ្រងក្រុមហ៊ុនបានសង្កេតឃើញថា កាលណាតម្លៃសម្ភារៈកើនឡើងម្តង \(\displaystyle 1\) ពាន់រៀល នោះបរិមាណសម្ភារៈលក់ចេញក្នុង \(\displaystyle 1\) ខែថយចុះម្តង \(\displaystyle 400\) គ្រឿង ។ កំណត់តម្លៃសម្ភារៈ \(\displaystyle 1\) គ្រឿងដែលក្រុមហ៊ុនត្រូវលក់ ដើម្បីទទួលបានប្រាក់ចំណេញជាអតិបរមា ។

ដំណោះស្រាយ : តាង \(\displaystyle x\) ជាតម្លៃលក់សម្ភារៈ \(\displaystyle 1\) គ្រឿងនិង \(\displaystyle P(x)\) ជាអនុគមន៍ប្រាក់ចំណេញសរុប ។ ប្រាក់ចំណេញសរុប \(\displaystyle = (\text{ប្រាក់ចំណេញក្នុង } 1\text{ គ្រឿង}) \times (\text{បរិមាណសម្ភារៈ})\) តាមសម្មតិកម្ម គេបានប្រាក់ចំណេញក្នុង \(\displaystyle 1\) គ្រឿង \(\displaystyle = x - 2\) ពាន់រៀល ។

  • បើលក់ \(\displaystyle 5\) ពាន់រៀលក្នុងមួយគ្រឿងនោះបរិមាណលក់ \(\displaystyle 4000\) គ្រឿងក្នុងមួយខែ
  • បើលក់ \(\displaystyle 6\) ពាន់រៀលក្នុងមួយគ្រឿងនោះបរិមាណលក់ \(\displaystyle 4000 - 400(6 - 5)\) គ្រឿងក្នុងមួយខែ
  • បើលក់ \(\displaystyle 7\) ពាន់រៀលក្នុងមួយគ្រឿងនោះបរិមាណលក់ \(\displaystyle 4000 - 400(7 - 5)\) គ្រឿងក្នុងមួយខែ
  • …
  • បើលក់ \(\displaystyle x\) ពាន់រៀលក្នុងមួយគ្រឿងនោះបរិមាណលក់ \(\displaystyle 4000 - 400(x - 5)\) គ្រឿងក្នុងមួយខែ

គេបាន \(\displaystyle P(x) = (x - 2)[4000 - 400(x - 5)] = 400(x - 2)(10 - x + 5) = 400(x - 2)(15 - x)\) \(\displaystyle P'(x) = 400(15 - x) - 400(x - 2) = 400(15 - x - x + 2) = 400(17 - 2x)\) ។ \(\displaystyle P'(x) = 0\) សមមូល \(\displaystyle 17 - 2x = 0\) នាំឱ្យ \(\displaystyle x = \dfrac{17}{2} = 8.5\) ។

តារាងអថេរភាព

\(\displaystyle x\)\(\displaystyle 8.5\)
\(\displaystyle P'(x)\)\(\displaystyle +\)\(\displaystyle 0\)\(\displaystyle -\)
\(\displaystyle P(x)\)\(\displaystyle \nearrow\)អតិបរមា\(\displaystyle \searrow\)

\(\displaystyle P(8.5) = 400(8.5 - 2)(15 - 8.5) = 16900\) ពាន់រៀល ។ ដូច្នេះ ដើម្បីឱ្យក្រុមហ៊ុនចំណេញបានជាអតិបរមាចំនួន \(\displaystyle 16900\) ពាន់រៀល ក្រុមហ៊ុនត្រូវលក់សម្ភារៈ \(\displaystyle 1\) គ្រឿងតម្លៃ \(\displaystyle 8500\text{ ៛}\) ។

ប្រតិបត្តិ : គេយកស័ង្កសីមួយផ្ទាំងមានរាងជាចតុកោណកែងមានបណ្តោយ \(\displaystyle 180\text{ cm}\) និងទទឹង \(\displaystyle 120\text{ cm}\) មកធ្វើហិបមួយរាងប្រលេពីប៉ែតកែងដែលគ្មានគម្រប ។ តើគេត្រូវធ្វើហិបនោះកម្ពស់ប៉ុន្មាន ដើម្បីឱ្យហិបនោះមានមាឌអតិបរមា ?

ចម្លើយ : កម្ពស់ស្មើនឹង \(\displaystyle 10(5 - \sqrt{7})\text{ cm}\) ដើម្បីឱ្យមាឌហិបអតិបរមា ។

2. អត្រាបម្រែបម្រួល

ឧទាហរណ៍ 1 : គេបង្ហូរទឹកចេញពីធុងរាងស៊ីឡាំងដែលបាតមានកាំស្មើនឹង \(\displaystyle 20\text{ cm}\) ដោយអត្រា \(\displaystyle 2.5\text{ L/s}\) និងចាក់ទឹកចូលដោយអត្រា \(\displaystyle 2\text{ L/s}\) (មើលរូប) ។ តើកម្រិតទឹកក្នុងធុងប្រែប្រួលដោយអត្រាប៉ុន្មាន ?

តាង \(\displaystyle h\ (\text{cm})\) ជាជម្រៅទឹកក្នុងរយៈពេល \(\displaystyle t\ (\text{s})\) អត្រាបម្រែបម្រួលមាឌទឹក \(\displaystyle V\ (\text{cm}^3)\) គឺ \(\displaystyle \dfrac{dV}{dt} = 2000 - 2500 = -500\text{ cm}^3/\text{s}\) ដោយ \(\displaystyle 1\text{ L} = 1000\text{ cm}^3\) ដូច្នេះទឹកចាក់ចូលមានមាឌ \(\displaystyle 2000\text{ cm}^3\) និងទឹកបង្ហូរចេញមានមាឌ \(\displaystyle 2500\text{ cm}^3\) ក្នុងមួយវិនាទី ។ បម្រែបម្រួលកម្រិតទឹកគឺ \(\displaystyle \dfrac{dh}{dt}\) នោះគេបាន \(\displaystyle \dfrac{dv}{dt} = \dfrac{dv}{dh} \times \dfrac{dh}{dt}\) ដោយ \(\displaystyle V = \pi r^2 h\) នោះគេបាន \(\displaystyle \dfrac{dv}{dh} = \pi r^2 = 400\pi\) (ព្រោះ \(\displaystyle r = 20\text{ cm}\)) ដូច្នេះ \(\displaystyle -500 = 400\pi \times \dfrac{dh}{dt}\) នាំឱ្យ \(\displaystyle \dfrac{dh}{dt} = -\dfrac{500}{400\pi} = -0.40\text{ cm/s}\) ។ នេះបញ្ជាក់ថា កម្រិតទឹកបានថយចុះក្នុងអត្រា \(\displaystyle 0.40\text{ cm/s}\) ។

ឧទាហរណ៍ 2 : គេដាក់កោនប្រហោងក្នុងមួយឱ្យកំពូលចុះក្រោមតាមអ័ក្សឈរ (មើលរូប) ។ គេចាក់អង្គធាតុរាវបញ្ចូលក្នុងកោន ដោយមានអត្រាថេរ \(\displaystyle 20\text{ cm}^3/\text{s}\) ប៉ុន្តែហូរចេញវិញតាមប្រហោងតូចត្រង់កំពូលកោន ដោយមានអត្រាថេរ \(\displaystyle 15\text{ cm}^3/\text{s}\) ។ តើជម្រៅអង្គធាតុរាវក្នុងកោនប្រែប្រួលដោយអត្រាប៉ុន្មាន បើទឹកមានកម្ពស់ \(\displaystyle 12\text{ cm}\) ?

បើ \(\displaystyle V\ (\text{cm}^3)\) ជាមាឌអង្គធាតុរាវនៅក្នុងកោនក្នុងរយៈពេល \(\displaystyle t\ (\text{s})\) គេបាន \(\displaystyle \dfrac{dv}{dt} = 20 - 15 = 5\text{ cm}^3/\text{s}\) តាង \(\displaystyle h\ (\text{cm})\) ជាកម្ពស់អង្គធាតុរាវក្នុងរយៈពេល \(\displaystyle t\ (\text{s})\) គេត្រូវរក \(\displaystyle \dfrac{dh}{dt}\) គេបាន \(\displaystyle \dfrac{dh}{dt}\) តាម \(\displaystyle \dfrac{dv}{dt} = \dfrac{dv}{dh} \times \dfrac{dh}{dt}\) ដូច្នេះ គេត្រូវរកទំនាក់ទំនងរវាង \(\displaystyle v\) និង \(\displaystyle h\) ។ យក \(\displaystyle r\) ជាកាំមុខកាត់នៃផ្ទៃអង្គធាតុរាវពាសពីលើ គេបាន \(\displaystyle \tan\theta = \dfrac{4}{20} = \dfrac{r}{h}\) នោះ \(\displaystyle r = \dfrac{h}{5}\) និង \(\displaystyle v = \dfrac{1}{3}\pi r^2 h = \dfrac{\pi h^3}{75}\) នាំឱ្យ \(\displaystyle \dfrac{dv}{dh} = \dfrac{\pi h^2}{25}\) នោះគេបាន \(\displaystyle \dfrac{dv}{dt} = 5 = \dfrac{\pi \times 12^2}{25} \times \dfrac{dh}{dt}\) នាំឱ្យ \(\displaystyle \dfrac{dh}{dt} = \dfrac{25 \times 5}{\pi \times 144} = 0.28\text{ cm/s}\) ដូច្នេះ ជម្រៅអង្គធាតុរាវគឺកើនបានក្នុងអត្រា \(\displaystyle 0.28\text{ cm/s}\) ។

តាមឧទាហរណ៍ 2 គេកត់សម្គាល់ឃើញថាអត្រាបម្រែបម្រួលនៃជម្រៅអាស្រ័យអង្គធាតុរាវដែលមានរួចហើយនៅក្នុងកោន កាលណាមុខកាត់មិនថេរ ។

ប្រតិបត្តិ : ផ្ទៃរង្វង់មួយបានថយចុះដោយអត្រា \(\displaystyle 2\text{ cm}^2/\text{s}\) ។ តើកាំរង្វង់ថយចុះដោយអត្រាប៉ុន្មានកាលណាផ្ទៃរង្វង់ស្មើនឹង \(\displaystyle 9\pi\text{ cm}^2\) ។

ចម្លើយ : \(\displaystyle \dfrac{dr}{dt} = -\dfrac{1}{3\pi} \approx -0.106\text{ cm/s}\) (កាំរង្វង់ថយចុះដោយអត្រា \(\displaystyle \dfrac{1}{3\pi} \approx 0.106\text{ cm/s}\)) ។

3. ល្បឿននិងសំទុះនៃចលនា

3.1. ល្បឿននៃចលនា

និយមន័យ : ល្បឿននៃចលនាមួយនៅខណៈ \(\displaystyle t\) គឺ \(\displaystyle V(t) = S'(t) = \dfrac{dS}{dt}\) ដែល \(\displaystyle S(t)\) ជាចម្ងាយចរនៅខណៈ \(\displaystyle t\) ។

លំហាត់គំរូ : គេទម្លាក់វត្ថុមួយដោយសេរីពីយន្តហោះ ដែលខណៈ \(\displaystyle t\) វិនាទី វត្ថុនោះធ្លាក់បានចម្ងាយ \(\displaystyle S(t) = 16t^2\ (\text{m})\) ។ កំណត់ល្បឿននៃវត្ថុខណៈពេល \(\displaystyle t = 3\) វិនាទី ។

ដំណោះស្រាយ : គេបាន \(\displaystyle V(t) = \dfrac{dS}{dt} = S'(t) = 32t\), \(\displaystyle V(3) = 32 \times 3\) ដូច្នេះ ល្បឿននៃវត្ថុខណៈពេល \(\displaystyle t = 3\text{ s}\) គឺ \(\displaystyle 96\text{ m/s}\) ។

ប្រតិបត្តិ : កីឡាករម្នាក់លោតទឹកពីកម្ពស់ \(\displaystyle 3.2\text{ m}\) ។ ទីតាំងនៃកីឡាករនៅខណៈពេល \(\displaystyle t\) វិនាទីឱ្យតាមអនុគមន៍ \(\displaystyle S(t) = -1.6t^2 + 1.6t + 3.2\) (\(\displaystyle S\) គិតជា \(\displaystyle \text{m}\)) ។

  1. ក. កំណត់រយៈពេលដែលកីឡាករធ្លាក់ដល់ទឹក
  2. ខ. រកល្បឿនរបស់កីឡាករនៅខណៈពេលនោះ ។

ចម្លើយ : ក. \(\displaystyle t = 2\text{ s}\)    ខ. \(\displaystyle V(2) = -4.8\text{ m/s}\) ។

3.2. សំទុះនៃចលនា

ឧទាហរណ៍ : រថយន្តមួយចាប់ផ្តើមផ្លាស់ទីដោយល្បឿន \(\displaystyle V\) បន្ទាប់ពីរយៈពេល \(\displaystyle t\) វិនាទី ក្រោយមកគេបាន \(\displaystyle V\) ជាអនុគមន៍ \(\displaystyle t\) គឺ \(\displaystyle V(t)\) ។ សំទុះនៃរថយន្តពីខណៈ \(\displaystyle t\) ទៅ \(\displaystyle t + \Delta t\) កំណត់តាងដោយ \(\displaystyle \dfrac{\Delta V}{\Delta t} = \dfrac{V(t + \Delta t) - V(t)}{\Delta t}\) ។ បើ \(\displaystyle \Delta(t) \to 0\) នោះ \(\displaystyle \lim_{\Delta t \to 0} \dfrac{\Delta V}{\Delta t} = \lim_{\Delta t \to 0} \dfrac{V(t + \Delta t) - V(t)}{\Delta t} = V'(t)\) \(\displaystyle V'(t)\) ហៅថា សំទុះនៃចលនាមួយនៅខណៈ \(\displaystyle t\) តាងដោយ \(\displaystyle a(t)\) ។

ជាទូទៅ

សំទុះនៃចលនានៅខណៈ \(\displaystyle t\) គឺ \(\displaystyle a(t) = \dfrac{dV}{dt} = V'(t)\) ដែល \(\displaystyle V(t)\) ជាល្បឿននៃចលនានៅខណៈ \(\displaystyle t\) ។

លំហាត់គំរូ : រថយន្តមួយផ្តើមចេញដំណើរដោយល្បឿនដែលបកស្រាយដោយអនុគមន៍ \(\displaystyle V(t) = \dfrac{80t}{t + 5}\text{ m/s}\) ។ គូសតារាងប្រៀបធៀបល្បឿននិងសំទុះរបស់រថយន្តខណៈ \(\displaystyle t = 0\), \(\displaystyle t = 5\), \(\displaystyle t = 10\), \(\displaystyle t = 15\), …, \(\displaystyle t = 60\text{ s}\) ។

ដំណោះស្រាយ : គេមាន \(\displaystyle V(t) = \dfrac{80t}{t + 5}\) គេបាន \(\displaystyle a(t) = V'(t) = \dfrac{80(t + 5) - 80t}{(t + 5)^2} = \dfrac{400}{(t + 5)^2}\) តារាងប្រៀបធៀបល្បឿននិងសំទុះរបស់រថយន្តខណៈពេល \(\displaystyle t\)

\(\displaystyle t\)\(\displaystyle 0\)\(\displaystyle 5\)\(\displaystyle 10\)\(\displaystyle 15\)\(\displaystyle 20\)\(\displaystyle 25\)\(\displaystyle 30\)\(\displaystyle 35\)\(\displaystyle 40\)\(\displaystyle 45\)\(\displaystyle 50\)\(\displaystyle 55\)\(\displaystyle 60\)
\(\displaystyle V\)\(\displaystyle 0\)\(\displaystyle 40\)\(\displaystyle 53.3\)\(\displaystyle 60\)\(\displaystyle 64\)\(\displaystyle 66.7\)\(\displaystyle 68.6\)\(\displaystyle 70\)\(\displaystyle 71.1\)\(\displaystyle 72\)\(\displaystyle 72.7\)\(\displaystyle 73.3\)\(\displaystyle 73.8\)
\(\displaystyle a\)\(\displaystyle 16\)\(\displaystyle 4\)\(\displaystyle 1.78\)\(\displaystyle 1\)\(\displaystyle 0.64\)\(\displaystyle 0.44\)\(\displaystyle 0.33\)\(\displaystyle 0.25\)\(\displaystyle 0.2\)\(\displaystyle 0.16\)\(\displaystyle 0.13\)\(\displaystyle 0.11\)\(\displaystyle 0.09\)

ប្រតិបត្តិ : គេទម្លាក់វត្ថុមួយដោយសេរីពីយន្តហោះ ។ នៅខណៈពេល \(\displaystyle t\) វិនាទី វត្ថុនោះធ្លាក់បានចម្ងាយដោយអនុគមន៍ \(\displaystyle S(t) = 4.905t^2 + 30.94\ (\text{m})\) ។ កំណត់ល្បឿននិងសំទុះនៃវត្ថុខណៈពេល \(\displaystyle t = 2\ (\text{s})\) ។

ចម្លើយ : \(\displaystyle V(2) = 19.620\text{ m/s}\), \(\displaystyle a(2) = 9.810\text{ m/s}^2\) ។

លំហាត់

  1. ពីរ៉ាមីតចតុមុខនិយ័ត \(\displaystyle SABCD\) មានផ្ទៃក្រឡាខាង \(\displaystyle S_l\) ។ គណនាផលធៀបរង្វាស់កម្ពស់ \(\displaystyle SO\) និងជ្រុងមួយនៃបាតដើម្បីឱ្យមាឌពីរ៉ាមីតចតុមុខនិយ័តមានតម្លៃអតិបរមា ។

  2. ផលបូកបរិមាត្រការេមួយនិងរង្វង់មួយមានប្រវែង \(\displaystyle \ell\) ។ គណនាផលធៀបរវាងរង្វាស់កាំរង្វង់និងជ្រុងការេ ដើម្បីឱ្យផលបូកផ្ទៃក្រឡាការេ និងរង្វង់មានតម្លៃអប្បបរមា ។
  3. ប្រអប់ត្រង់មួយមានគម្របលើនិងបាតក្រោមជាការេ ហើយមានមាឌ \(\displaystyle 250\text{ cm}^3\) ។ សម្ភារៈសម្រាប់ធ្វើគម្របលើ និងបាតក្រោមតម្លៃ \(\displaystyle 2000\text{ ៛/cm}^2\) ហើយសម្ភារៈសម្រាប់ធ្វើផ្ទៃខាងតម្លៃ \(\displaystyle 1000\text{ ៛/cm}^2\) ។ កំណត់រង្វាស់ទ្រនុងនៃប្រអប់ដើម្បីឱ្យប្រាក់ចំណាយលើសម្ភារៈមានតម្លៃអប្បបរមា រួចគណនាប្រាក់ចំណាយអប្បបរមានោះ ។
  4. ទូកមួយចាប់ផ្តើមចេញដំណើរពីចំណុចត្រួតពិនិត្យ ដែលរយៈពេល \(\displaystyle t\) នាទីក្រោយមក ទូកនោះមានចម្ងាយពីចំណុចត្រួតពិនិត្យដែលតាងដោយអនុគមន៍ \(\displaystyle S(t) = t^3 + 60t\) គិតជាម៉ែត្រ ។

    1. ក. រកល្បឿននៃទូកត្រង់ចំណុចចាប់ផ្តើម
    2. ខ. កំណត់ល្បឿននៃទូកខណៈ \(\displaystyle t = 3\text{ mn}\) ។
  5. រថយន្តមួយចាប់ផ្តើមចេញដំណើរដោយល្បឿនដែលតាងដោយអនុគមន៍ \(\displaystyle V(t) = \dfrac{100t}{t + 15}\text{ m/s}\) ។ កំណត់សំទុះនៃរថយន្តខណៈពេល ៖

    1. ក. \(\displaystyle t = 5\text{ s}\)
    2. ខ. \(\displaystyle t = 10\text{ s}\)
    3. គ. \(\displaystyle t = 20\text{ s}\) ។
  6. រថយន្តមួយផ្តើមចេញដំណើរដោយល្បឿនដែល \(\displaystyle t\) វិនាទីតាងដោយអនុគមន៍ \(\displaystyle V(t) = \dfrac{22t}{0.44t + 3.3}\) ម៉ែត្រក្នុងមួយវិនាទី ។ កំណត់សំទុះរបស់រថយន្តខណៈពេល ៖

    1. ក. \(\displaystyle 5\) វិនាទី
    2. ខ. \(\displaystyle 10\) វិនាទី
    3. គ. \(\displaystyle 20\) វិនាទី
    4. ឃ. \(\displaystyle 30\) វិនាទី ។
  7. គេសង់ជម្រកមួយរាងកោនបរិវត្តន៍ ដែលមានមាឌ \(\displaystyle V\) ។ គណនាផលធៀបរង្វាស់កម្ពស់នៃកោន និងកាំថាសបាត ដើម្បីឱ្យជម្រកនោះមានផ្ទៃក្រឡាខាងអប្បបរមា ។
  8. ត្រីកោណមួយមានបរិមាត្រស្មើនឹង \(\displaystyle 2p\) និងជ្រុងមួយមានរង្វាស់ \(\displaystyle \dfrac{3p}{4}\) ។ គណនារង្វាស់ជ្រុងពីរទៀត ដើម្បីឱ្យផ្ទៃក្រឡារបស់ត្រីកោណធំបំផុត រួចអនុវត្តជាលេខកាលណា \(\displaystyle P = 40\text{ m}\) ។
  9. គេចាក់ទឹកចូលក្នុងស៊ីឡាំងមួយដែលមានកាំបាត \(\displaystyle 10\text{ cm}\) ដោយអត្រា \(\displaystyle 360\text{ cm}^3/\text{s}\) ហើយលិចចេញវិញដោយអត្រា \(\displaystyle 40\text{ cm}^3/\text{s}\) ។ តើកម្រិតទឹកប្រែប្រួលដោយអត្រាប៉ុន្មាន ?

ចម្លើយលំហាត់

  1. 1. \(\displaystyle \dfrac{SO}{a} = \dfrac{\sqrt{2}}{2}\) (ដែល \(\displaystyle a\) ជាជ្រុងបាត) ។
  2. 2. \(\displaystyle \dfrac{r}{x} = \dfrac{1}{2}\) (ដែល \(\displaystyle r\) ជាកាំរង្វង់ និង \(\displaystyle x\) ជាជ្រុងការេ) ។
  3. 3. ជ្រុងបាត \(\displaystyle 5\text{ cm}\), កម្ពស់ \(\displaystyle 10\text{ cm}\), ប្រាក់ចំណាយអប្បបរមា \(\displaystyle 300000\text{ ៛}\) ។
  4. 4. ក. \(\displaystyle 60\text{ m/mn}\) (\(\displaystyle 1\text{ m/s}\))    ខ. \(\displaystyle 87\text{ m/mn}\) (\(\displaystyle 1.45\text{ m/s}\)) ។
  5. 5. ក. \(\displaystyle 3.75\text{ m/s}^2\)    ខ. \(\displaystyle 2.4\text{ m/s}^2\)    គ. \(\displaystyle \dfrac{60}{49} \approx 1.224\text{ m/s}^2\) ។
  6. 6. ក. \(\displaystyle 2.4\text{ m/s}^2\)    ខ. \(\displaystyle \dfrac{60}{49} \approx 1.224\text{ m/s}^2\)    គ. \(\displaystyle \dfrac{60}{121} \approx 0.496\text{ m/s}^2\)    ឃ. \(\displaystyle \dfrac{4}{15} \approx 0.267\text{ m/s}^2\) ។
  7. 7. \(\displaystyle \dfrac{h}{r} = \sqrt{2}\) ។
  8. 8. ជ្រុងទាំងពីរស្មើគ្នានិងស្មើ \(\displaystyle \dfrac{5p}{8}\); កាលណា \(\displaystyle P = 40\text{ m}\) (\(\displaystyle p = 20\text{ m}\)) ជ្រុងទាំងបីគឺ \(\displaystyle 15\text{ m}\), \(\displaystyle 12.5\text{ m}\), \(\displaystyle 12.5\text{ m}\) ។
  9. 9. កម្រិតទឹកកើនឡើងដោយអត្រា \(\displaystyle \dfrac{16}{5\pi} \approx 1.019\text{ cm/s}\) ។

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។