1. ទំព័រដើម
  2. ថ្នាក់ទី ៧
  3. មេរៀន
  4. មេរៀនទី ២
២
មេរៀនទី ២ · គណិតវិទ្យាថ្នាក់ទី ៧

តួចែកនិងពហុគុណ

ឧទាហរណ៍ ២៥ប្រតិបត្តិ ៩
✓វត្ថុបំណង
  • កំណត់បានមួយចំនួនគត់ចែកដាច់នឹង 2, 3, 4, 5, 8, 9
  • បំបែកចំនួនមិនបឋមជាផលគុណកត្តាបឋម
  • រកតួចែករួមធំបំផុតនិងពហុគុណរួមតូចបំផុត
  • អនុវត្តតួចែករួមធំបំផុតនិងពហុគុណរួមតូចបំផុតក្នុងការដោះស្រាយចំណោទ ។

1. លក្ខណៈចែកដាច់នៃចំនួនគត់

1.1 ភាពចែកដាច់

ក. ភាពចែកដាច់នឹង 2 និង 5

១ឧទាហរណ៍ ១

\(\displaystyle 42 \div 2 = 21 \quad , \quad 56 \div 2 = 28 \quad , \quad 198 \div 2 = 99 \quad , \quad 210 \div 2 = 105\) ។

២ឧទាហរណ៍ ២

\(\displaystyle 70 \div 5 = 14 \quad , \quad 95 \div 5 = 19 \quad , \quad 160 \div 5 = 32 \quad , \quad 525 \div 5 = 105\) ។

តាមឧទាហរណ៍ខាងលើ គេសង្កេតឃើញថាមួយចំនួនចែកដាច់នឹង \(\displaystyle 2\) កាលណាវាមានលេខខាងចុងជាលេខគូ ហើយមួយចំនួនចែកដាច់នឹង \(\displaystyle 5\) កាលណាវាមានលេខខាងចុង \(\displaystyle 0\) ឬ \(\displaystyle 5\) ។

Tជាទូទៅ

មួយចំនួនគត់ចែកដាច់នឹង \(\displaystyle 2\)   កាលណាវាជាចំនួនគត់គូ ។

មួយចំនួនគត់ចែកដាច់នឹង \(\displaystyle 5\)   កាលណាវាមានលេខខាងចុង \(\displaystyle 0\) ឬ \(\displaystyle 5\) ។

•លំហាត់គំរូ

គេឱ្យផលបូក \(\displaystyle 9018 + 1457 \quad , \quad 1995 + 1329\) ។ ដោយមិនធ្វើវិធីចែក ប្រាប់ផលបូកដែល :

ក. ចែកដាច់នឹង 2 ខ. ចែកដាច់នឹង 5 ។

ចម្លើយ

ក. \(\displaystyle 9018 + 1457 = 91575\) ចែកដាច់នឹង 5 ព្រោះផលបូកមានលេខខាងចុង 5 ។

ខ. \(\displaystyle 1995 + 1329 = 3324\) ចែកដាច់នឹង 2 ព្រោះផលបូកជាចំនួនគត់គូ ។

✎ប្រតិបត្តិ

គេឱ្យចំនួនដែលមានលេខ 2 ខ្ទង់ \(\displaystyle 154\fbox{\phantom{0}}\) ។ បំពេញលេខក្នុងប្រអប់ដើម្បីឱ្យបានចំនួនដែលចែកដាច់នឹង 2 ផង និង 5 ផង ។

ខ. ភាពចែកដាច់នឹង 3 និង 9

១ឧទាហរណ៍ ១

\(\displaystyle 195 \div 3 = 65 \quad , \quad 927 \div 3 = 309 \quad , \quad 1005 \div 3 = 335\) ។

គេសង្កេតឃើញថា :

195 ចែកដាច់នឹង 3 ហើយផលបូកលេខតាមខ្ទង់គឺ \(\displaystyle 1 + 9 + 5 = 15\) ចែកដាច់នឹង 3 ។

927 ចែកដាច់នឹង 3 ហើយផលបូកលេខតាមខ្ទង់គឺ \(\displaystyle 9 + 2 + 7 = 18\) ចែកដាច់នឹង 3 ។

1005 ចែកដាច់នឹង 3 ហើយផលបូកលេខតាមខ្ទង់គឺ \(\displaystyle 1 + 0 + 0 + 5 = 6\) ចែកដាច់នឹង 3 ។

២ឧទាហរណ៍ ២

\(\displaystyle 216 \div 9 = 24 \quad , \quad 828 \div 9 = 92 \quad , \quad 2106 \div 9 = 234\) ។

គេសង្កេតឃើញថា :

216 ចែកដាច់នឹង 9 ហើយផលបូកលេខតាមខ្ទង់គឺ \(\displaystyle 2 + 1 + 6 = 9\) ចែកដាច់នឹង 9 ។

828 ចែកដាច់នឹង 9 ហើយផលបូកលេខតាមខ្ទង់គឺ \(\displaystyle 8 + 2 + 8 = 18\) ចែកដាច់នឹង 9 ។

2106 ចែកដាច់នឹង 9 ហើយផលបូកលេខតាមខ្ទង់គឺ \(\displaystyle 2 + 1 + 0 + 6 = 9\) ចែកដាច់នឹង 9 ។

Tជាទូទៅ

មួយចំនួនចែកដាច់នឹង 3 កាលណាផលបូកលេខតាមខ្ទង់នៃចំនួននោះចែកដាច់នឹង 3 ។

មួយចំនួនចែកដាច់នឹង 9 កាលណាផលបូកលេខតាមខ្ទង់នៃចំនួននោះចែកដាច់នឹង 9 ។

•លំហាត់គំរូ

គេឱ្យចំនួនមានលេខ 2 ខ្ទង់ \(\displaystyle 200\fbox{\phantom{0}}\) ។ បំពេញលេខក្នុងប្រអប់ដើម្បីឱ្យបានចំនួនចែកដាច់ទាំង 3 ផងនិង 9 ផង ។

ចម្លើយ

ផលបូកលេខ \(\displaystyle 2 + 0 + 0 + 7 = 9\) ចែកដាច់នឹង 3 ផង និង 9 ផង ។

ដូចនេះ លេខក្នុងប្រអប់គឺលេខ 7 ។

✎ប្រតិបត្តិ

គេមានមួយចំនួនដែលមានលេខ 2 ខ្ទង់ \(\displaystyle 7\fbox{\phantom{0}}8\) ។

បំពេញលេខក្នុងប្រអប់ដើម្បីឱ្យចំនួននោះចែកដាច់នឹង 3 ផងនិង 9 ផង ។

គ. ភាពចែកដាច់នឹង 4 និង 8

១ឧទាហរណ៍ ១

\(\displaystyle 124 \div 4 = 31 \quad , \quad 832 \div 4 = 208 \quad , \quad 1000 \div 4 = 250\) ។

គេសង្កេតឃើញថា :

124 ចែកដាច់នឹង 4 ហើយ 24 ចែកដាច់នឹង 4 ។

832 ចែកដាច់នឹង 4 ហើយ 32 ចែកដាច់នឹង 4 ។

1000 ចែកដាច់នឹង 4 ហើយ 00 ចែកដាច់នឹង 4 ។

២ឧទាហរណ៍ ២

\(\displaystyle 3128 \div 8 = 391 \quad , \quad 5048 \div 8 = 631 \quad , \quad 7120 \div 8 = 890\) ។

គេសង្កេតឃើញថា :

3128 ចែកដាច់នឹង 8 ហើយ 128 ចែកដាច់នឹង 8

5048 ចែកដាច់នឹង 8 ហើយ 048 ចែកដាច់នឹង 8

7120 ចែកដាច់នឹង 8 ហើយ 120 ចែកដាច់នឹង 8 ។

Tជាទូទៅ
  • មួយចំនួនចែកដាច់នឹង 4 កាលណាវាមានលេខខាងចុងពីរខ្ទង់ចែកដាច់នឹង 4
  • មួយចំនួនចែកដាច់នឹង 8 កាលណាវាមានលេខខាងចុងបីខ្ទង់ចែកដាច់នឹង 8 ។
១លំហាត់គំរូ ១

គេឱ្យចំនួនមានលេខ 6 ខ្ទង់ \(\displaystyle 11223\fbox{\phantom{0}}\) ។ ចូរបំពេញលេខក្នុងប្រអប់ដើម្បីឱ្យចំនួននោះចែកដាច់នឹង 4 ផង និង 8 ផង ។

ចម្លើយ

112232 ចែកដាច់នឹង 4 ព្រោះ 32 ចែកដាច់នឹង 4 ហើយចែកដាច់នឹង 8 ព្រោះ 232 ចែកដាច់នឹង 8 ។ ដូចនេះ លេខក្នុងប្រអប់គឺលេខ 2 ។

២លំហាត់គំរូ ២

ពីឆ្នាំ 1999 ដល់ឆ្នាំ 2010 តើឆ្នាំណាខ្លះចែកដាច់នឹង 4 ផង និង 8 ផង ។

ចម្លើយ

2008 ។

✎ប្រតិបត្តិ

គេមានមួយចំនួនដែលមានលេខ 2 ប្រាំខ្ទង់ \(\displaystyle 734\fbox{\phantom{0}}0\) ។ បំពេញលេខក្នុងប្រអប់ដើម្បីឱ្យចំនួននោះ :

ក. ចែកដាច់នឹង 4 ខ. ចែកដាច់នឹង 8 ។

1.2 លក្ខណៈចែកដាច់នៃផលបូកនិងផលដក

•ឧទាហរណ៍

គេមាន \(\displaystyle 512\) ចែកដាច់នឹង \(\displaystyle 2\) និង \(\displaystyle 326\) ចែកដាច់នឹង \(\displaystyle 2\) ។

គេសង្កេតឃើញថា \(\displaystyle 512 + 326 = 838\) ក៏ចែកដាច់នឹង 2 ដែរ ហើយ \(\displaystyle 512 - 326 = 186\) ក៏ចែកដាច់នឹង 2 ដែរ ។

Tជាទូទៅ

បើតួមួយៗនៃផលបូក ឬផលដក ចែកដាច់នឹងចំនួនតែមួយដូចគ្នា នោះផលបូក ឬផលដករបស់វា ក៏ចែកដាច់នឹងចំនួននោះដែរ ។

•លំហាត់គំរូ

គេមានបីចំនួនគត់ \(\displaystyle a, a+1, a+2\) (\(\displaystyle a\) ជាចំនួនគត់) ។ បង្ហាញថាផលបូកចំនួនទាំងនេះចែកដាច់នឹង 3 ។

ចម្លើយ

គេមាន \(\displaystyle a + a+1 + a+2 = 3a + 3\) ។ ដោយ \(\displaystyle 3a\) ចែកដាច់នឹង 3 ហើយ 3 ចែកដាច់នឹង 3 នោះ \(\displaystyle 3a + 3\) ចែកដាច់នឹង 3 ។

✎ប្រតិបត្តិ

បំពេញលេខក្នុងប្រអប់ដើម្បីឱ្យផលបូកនិងផលដកចែកដាច់នឹង 9 :

ក. \(\displaystyle 3\fbox{\phantom{0}}0 + 16\fbox{\phantom{0}}\) ខ. \(\displaystyle 40\fbox{\phantom{0}} - 2\fbox{\phantom{0}}0\) ។

2. តួចែកនិងពហុគុណ

១ឧទាហរណ៍ ១

18 ចែកដាច់នឹង 1, 2, 3, 6, 9 និង 18 ។

\(\displaystyle 18 = 1 \times 18 \quad , \quad 18 = 2 \times 9\)

គេបាន \(\displaystyle 18 = 3 \times 6 \quad , \quad 18 = 6 \times 3\)

\(\displaystyle 18 = 9 \times 2 \quad , \quad 18 = 18 \times 1\) ។

ដូចនេះ 1, 2, 3, 6, 9 និង 18 ហៅថាតួចែកនៃ 18 ហើយ 18 ជាពហុគុណនៃ 1, 2, 3, 6, 9 និង 18 ។

២ឧទាហរណ៍ ២

តួចែកនៃ 100 គឺ 1, 2, 4, 5, 10, 20, 25, 50 និង 100

ហើយ 100 ជាពហុគុណនៃ 1, 2, 4, 5, 10, 20, 25, 50 និង 100 ។

!សម្គាល់

គ្រប់ចំនួន មានតួចែក 1 និងខ្លួនវាជាជានិច្ច ។

•លំហាត់គំរូ

គេមានចំនួន 12, 16, 28, 32, 41, 96, 104, 126, 144 ។

ក. តើ 8 ជាតួចែកនៃចំនួនណាខ្លះ ? ខ. តើចំនួនណាខ្លះជាពហុគុណនៃ 16 ?

ចម្លើយ

ក. 8 ជាតួចែកនៃចំនួន 16, 32, 96, 104 និង 144 ។

ខ. ពហុគុណនៃ 16 គឺ 16, 32, 96, 144 ។

✎ប្រតិបត្តិ

ក. គេមានចំនួន 26, 30, 48, 66, 106 ។ តើចំនួនណាខ្លះជាពហុគុណនៃ 6 ?

ខ. រកគ្រប់ចំនួនដែលជាតួចែកនៃ 15, 24, 68 និង 120 ។

3. ចំនួនបឋម

តួចែកនៃ 5 គឺ : 1 និង 5 ។

តួចែកនៃ 14 គឺ : 1, 2, 7 និង 14 ។

តួចែកនៃ 15 គឺ : 1, 3, 5 និង 15 ។

តួចែកនៃ 23 គឺ : 1 និង 23 ។

តាមឧទាហរណ៍ខាងលើគេសង្កេតឃើញថា 5 និង 23 មានតួចែកតែពីរគត់គឺ 1 និងខ្លួនឯង ។ ចំនួន 5 និង 23 ហៅថាចំនួនបឋម ។

ចំពោះ 14 និង 15 មានតួចែកច្រើនជាងពីរហៅថា ចំនួនមិនបឋម ។

Tជាទូទៅ

ចំនួនបឋមជាចំនួនគត់ដែលមានតួចែកតែពីរគឺ 1 និងខ្លួនឯង ។

ចំនួនមិនបឋមជាចំនួនដែលមានតួចែកច្រើនជាងពីរ ។

!សម្គាល់

តាមនិយមន័យខាងលើ “ 1 ” មិនមែនជាចំនួនបឋម ហើយក៏មិនមែនជាចំនួនមិនបឋមដែរ ។

•លំហាត់គំរូ

ក. រកចំនួនបឋមនៅចន្លោះ 1 និង 20 ។

ខ. រកចំនួនមិនបឋមដែលជាចំនួនគត់សេសនៅចន្លោះ 1 និង 30 ។

ចម្លើយ

ក. ចំនួនបឋមនៅចន្លោះ 1 និង 20 គឺ : 2, 3, 5, 7, 11, 13, 17, 19 ។

ខ. ចំនួនមិនបឋមដែលជាចំនួនគត់សេសនៅចន្លោះ 1 និង 30 គឺ :

9, 15, 21, 25, 27 ។

✎ប្រតិបត្តិ

រកចំនួនបឋមដែលតូចជាង 50 ។

4. ការបំបែកមួយចំនួនជាផលគុណកត្តាបឋម

•ឧទាហរណ៍

បំបែកចំនួន 30 ជាផលគុណនៃកត្តាបឋម ។

វិធីទី 1 : ចាប់ផ្តើមដោយយក 30 ចែកនឹងចំនួនបឋមតូចបំផុត (ដែលអាចចែកដាច់) ហើយបន្តការធ្វើវិធីចែកដាច់រហូតដល់គេទទួលបានផលចែក 1 ដូចខាងក្រោម :

302
153
55
1

ដូចនេះគេបាន \(\displaystyle 30 = 2 \times 3 \times 5\) ។ ចំនួន 2, 3 និង 5 ជាកត្តាបឋមនៃ 30 ។

វិធីទី 2 : ប្រើដ្យាក្រាមដើមឈើ :

30
\(\displaystyle \swarrow\)\(\displaystyle \searrow\)
2\(\displaystyle \times\)15
\(\displaystyle \swarrow\)\(\displaystyle \searrow\)\(\displaystyle \swarrow\)\(\displaystyle \searrow\)
2\(\displaystyle \times\)3\(\displaystyle \times\)5

ដូចនេះគេបាន   \(\displaystyle 30 = 2 \times 3 \times 5\) ។

•លំហាត់គំរូ

ក. បំបែកចំនួន \(\displaystyle x = 180\) និង \(\displaystyle y = 360\) ជាផលគុណកត្តាបឋម ។

ខ. បំបែកផលបូក \(\displaystyle x + y\) ជាផលគុណកត្តាបឋម ។

ចម្លើយ

ក.

1802
902
453
153
55
1
3602
1802
902
453
153
55
1

គេបាន \(\displaystyle 180 = 2 \times 2 \times 3 \times 3 \times 5 = 2^2 \times 3^2 \times 5\)

ដូចនេះ \(\displaystyle 360 = 2 \times 2 \times 2 \times 3 \times 3 \times 5 = 2^3 \times 3^2 \times 5\) ។

ខ. \(\displaystyle x + y = 180 + 360 = 540\)

5402
2702
1353
453
153
55
1

ដូចនេះ \(\displaystyle 540 = 2 \times 2 \times 3 \times 3 \times 3 \times 5 = 2^2 \times 3^3 \times 5\) ។

✎ប្រតិបត្តិ

បំបែកចំនួន 66 និង 273 ជាផលគុណកត្តាបឋម ។

5. តួចែករួមធំបំផុត (PGCD ឬ GCD)

១ឧទាហរណ៍ ១

រកតួចែករួមធំបំផុតនៃ 30 និង 36 ។

តួចែកនៃ 30 គឺ 1, 2, 3, 5, 6, 10, 15 និង 30 ។

តួចែកនៃ 36 គឺ 1, 2, 3, 4, 6, 9, 12, 18 និង 36 ។

តួចែករួមនៃ 30 និង 36 គឺ 1, 2, 3 និង 6 ។

តួចែករួមធំបំផុតនៃ 30 និង 36 គឺ 6 ។

តួចែករួមធំបំផុតនៃចំនួនទាំងពីរនេះតាងដោយ \(\displaystyle PGCD(30, 36) = 6\) ។

គេអាចធ្វើតាមវិធីម្យ៉ាងទៀតដោយបំបែក 30 និង 36 ជាផលគុណកត្តាបឋមដូចខាងក្រោម :

30=2\(\displaystyle \times\)3\(\displaystyle \times \ 5\)
36=\(\displaystyle 2^2\)\(\displaystyle \times\)\(\displaystyle 3^2\)
\(\displaystyle \downarrow\)\(\displaystyle \downarrow\)
កត្តារួម\(\displaystyle \longrightarrow\)2\(\displaystyle \times\)3

ដូចនេះ \(\displaystyle PGCD(30, 36) = 2 \times 3 = 6\) ។

២ឧទាហរណ៍ ២

រកតួចែករួមធំបំផុតនៃ 60 , 180 និង 210 ។

60=\(\displaystyle 2^2\)\(\displaystyle \times \ 3\)\(\displaystyle \times \ 5\)
180=\(\displaystyle 2^2\)\(\displaystyle \times \ 3^2\)\(\displaystyle \times \ 5\)
210=2\(\displaystyle \times \ 3\)\(\displaystyle \times \ 5\)\(\displaystyle \times \ 7\)
\(\displaystyle \downarrow\)\(\displaystyle \downarrow\)\(\displaystyle \downarrow\)
កត្តារួម2\(\displaystyle \times \ 3\)\(\displaystyle \times \ 5\)

ដូចនេះ \(\displaystyle PGCD(60, 180, 210) = 2 \times 3 \times 5 = 30\) ។

Tជាទូទៅ

ដើម្បីរកតួចែករួមធំបំផុតនៃពីរ ឬច្រើនចំនួនគេបំបែកចំនួននីមួយៗជាផលគុណកត្តាបឋម រួចគេគុណកត្តារួមទាំងអស់ដែលមាននិទស្សន្តតូចជាងគេ ។

!សម្គាល់

ពីរចំនួនបឋមរវាងគ្នាកាលណា PGCD របស់វាស្មើនឹង 1 ។

៣ឧទាហរណ៍ ៣

ចំនួន 11 និង 13 ជាចំនួនបឋមរវាងគ្នាព្រោះ \(\displaystyle PGCD(11, 13) = 1\) ។

•លំហាត់គំរូ

គេចង់ក្រាលឥដ្ឋការ៉ូក្នុងការដ្ឋានលំហែបំបាត់ស្ត្រេសមួយដែលមានរាងចតុកោណកែង ដែលមានទទឹងប្រវែង 90cm និងបណ្ដោយប្រវែង 126cm ។ បើគេចង់ក្រាលឥដ្ឋការ៉ូដែលមានផ្ទៃធំបំផុត តើគេត្រូវប្រើឥដ្ឋការ៉ូស្ត្រេសប៉ុន្មាន ? មានជ្រុងប្រវែងប៉ុន្មាន ?

ចម្លើយ

កាលណាគេចែកចតុកោណកែងមួយទៅជាការេលំហែបំបាត់ស្ត្រេស នោះប្រវែងជ្រុងរបស់ការេមួយជាតួចែករួមនៃប្រវែងបណ្ដោយនិងប្រវែងទទឹងនៃចតុកោណកែងនោះ ។ ដើម្បីឱ្យការេមានប្រវែងជ្រុងធំបំផុតត្រូវមានជ្រុងស្មើគ្នាតួចែករួមធំបំផុត PGCD នៃប្រវែងបណ្ដោយនិងទទឹងនៃចតុកោណកែងនោះ ។

ដោយ : \(\displaystyle 90 = 2 \times 3^2 \times 5\)

\(\displaystyle 126 = 2 \times 3^2 \times 7\)

គេបាន

\(\displaystyle PGCD(90, 126) = 2 \times 3^2 = 18\) ។

126cm
90cm

ដូចនេះឥដ្ឋការ៉ូដែលគេត្រូវប្រើមានជ្រុងប្រវែង 18cm ។ ហើយចំនួនការ៉ូ \(\displaystyle 5 \times 7 = 35\) ។

✎ប្រតិបត្តិ

គេចែកសៀវភៅ 24 ក្បាលនិងខ្មៅដៃ 36 ដើមឱ្យសិស្សស្មើៗគ្នាដោយគ្មានឱ្យសល់សៀវភៅ ឬខ្មៅដៃ ។ គេសម្រេចចិត្តចែកសៀវភៅនិងខ្មៅដៃឱ្យសិស្សបានចំនួនច្រើននាក់បំផុត ។ តើគេអាចចែកឱ្យសិស្សបានប៉ុន្មាននាក់ ?

6. ពហុគុណរួមតូចបំផុត (PPCM ឬ LCM)

១ឧទាហរណ៍ ១

រកពហុគុណរួមតូចបំផុតនៃ 6 និង 8

ពហុគុណនៃ 6 គឺ : 6, 12, 18, 24, 30, 36, 42, 48, ......

ពហុគុណនៃ 8 គឺ : 8, 16, 24, 32, 40, 48, 56, ......

ពហុគុណនៃ 6 និង 8 គឺ : 24, 48, ......

ពហុគុណរួមតូចបំផុតនៃ 6 និង 8 គឺ 24 ។ គេកំណត់ពហុគុណរួមតូចបំផុតនៃ 6 និង 8 ដោយ \(\displaystyle PPCM(6, 8) = 24\) ។

គេអាចរកពហុគុណរួមតូចបំផុតតាមវិធីងាយដូចខាងក្រោម :

6=2\(\displaystyle \times\)3
8=\(\displaystyle 2^3\)
\(\displaystyle \downarrow\)\(\displaystyle \downarrow\)
\(\displaystyle 2^3\)\(\displaystyle \times\)3

ដូចនេះ \(\displaystyle PPCM(6, 8) = 2^3 \times 3 = 24\) ។

២ឧទាហរណ៍ ២

រកពហុគុណរួមតូចបំផុតនៃ 18, 24 និង 36 ។

18=2\(\displaystyle \times\)\(\displaystyle 3^2\)
24=\(\displaystyle 2^3\)\(\displaystyle \times\)3
36=\(\displaystyle 2^2\)\(\displaystyle \times\)\(\displaystyle 3^2\)
\(\displaystyle \downarrow\)\(\displaystyle \downarrow\)
\(\displaystyle 2^3\)\(\displaystyle \times\)\(\displaystyle 3^2\)

ដូចនេះ \(\displaystyle PPCM(18, 24, 36) = 2^3 \times 3^2 = 72\) ។

Tជាទូទៅ

ដើម្បីរកពហុគុណរួមតូចបំផុតនៃពីរ ឬច្រើនចំនួនគេត្រូវបំបែកចំនួននីមួយៗជាផលគុណកត្តាបឋម រួចគេគុណកត្តារួមដែលមាននិទស្សន្តជាងគេជាមួយនិងកត្តាមិនរួម ដែលមាននៅក្នុងចំនួនទាំងនោះ ។

•លំហាត់គំរូ

គេរៀបសន្លឹកប័ណ្ណតូចៗជារាងចតុកោណកែងមានបណ្ដោយប្រវែង 12cm និងទទឹង 9cm តាមទិសដៅដូចគ្នាដើម្បីបង្កើតបានការ៉េមួយ ។ ចូររកប្រវែងជ្រុងនៃការ៉េតូចបំផុតដែលអាចបង្កើតបាន ។

ចម្លើយ

ប្រវែងជ្រុងមួយនៃការ៉េដែលបានបង្កើតដោយរៀបសន្លឹកប័ណ្ណតូចៗជារាងចតុកោណកែងតាមទិសដៅដូចគ្នាជាពហុគុណរួមតូចបំផុតនៃប្រវែងបណ្ដោយនិងទទឹងរបស់ចតុកោណកែង ។

ដើម្បីបានជ្រុងការ៉េមានប្រវែងខ្លីបំផុតគេត្រូវរកពហុគុណរួមតូចបំផុតនៃ 9 និង 12 ។

\[\begin{aligned} 9 &= 3^2 \\ 12 &= 3 \times 2^2 \end{aligned}\]

ដូចនេះ \(\displaystyle PPCM(9, 12) = 3^2 \times 2^2 = 36\) ។

ដូចនេះ ការ៉េតូចបំផុតដែលអាចបង្កើតបានមានជ្រុងប្រវែង 36cm ។

✎ប្រតិបត្តិ

\(\displaystyle x\) ជាចំនួនមានលេខពីរខ្ទង់ ។ 58 ចែកនឹង \(\displaystyle x\) នៅសល់សំណល់ 2 និង 73 ចែកនឹង \(\displaystyle x\) នៅសល់សំណល់ 3 ហើយ 85 ចែកនឹង \(\displaystyle x\) នៅសល់សំណល់ 1 ។ រកចំនួន \(\displaystyle x\) នោះ ។

លំហាត់

  1. ចូរបញ្ជាក់ថា :

    ក. ផលបូក \(\displaystyle 78 + 120\) ចែកដាច់នឹង 2 ខ. ផលដក \(\displaystyle 4140 - 720\) ចែកដាច់នឹង 3 ។

    គ. ផលបូក \(\displaystyle 165 + 270\) ចែកដាច់នឹង 5 ឃ. ផលដក \(\displaystyle 5130 - 342\) ចែកដាច់នឹង 9 ។

  2. គេមានមួយចំនួនមានលេខប្រាំខ្ទង់ \(\displaystyle 734\fbox{\phantom{0}}0\)

    បំពេញលេខក្នុងប្រអប់ ដើម្បីឱ្យចំនួននោះចែកដាច់ :

    ក. នឹង 2 ផង នឹង 5 ផង ខ. នឹង 3 ផង នឹង 9 ផង ។

  3. គេមានចំនួន 660, 540, 645 និង 610 ។ តើចំនួនណាខ្លះជាពហុគុណនៃ 30 ?
  4. គេមានចំនួន 11, 15, 17, 18, 19, 20, 21, 22, 23 និង 29 ។

    ក. ចូររកតួចែកនៃចំនួននីមួយៗ ខ. តើចំនួនណាខ្លះជាចំនួនបឋម ។

  5. បំបែកចំនួន 63, 100, 129, 225, 567, 1980, 2097, 50336 និង 127008 ជាផលគុណកត្តាបឋម ។
  6. រកតួចែករួមធំបំផុត PGCD នៃចំនួនខាងក្រោម :

    ក. 9 និង 15 ខ. 10 និង 108 គ. 128 និង 324

    ឃ. 192, 160 និង 96 ង. 48, 72 និង 132 ច. 36, 168, 144 និង 252 ។

  7. រកពហុគុណរួមតូចបំផុត (PPCM ឬ LCM) នៃចំនួនខាងក្រោម :

    ក. 81 និង 225 ខ. 120 និង 35 គ. 34, 420 និង 245

    ឃ. 70, 21 និង 28 ង. 512, 18 និង 20 ច. 88, 220 និង 528 ។

  8. រកចំនួន \(\displaystyle x\) និង \(\displaystyle y\) ដោយដឹងថា \(\displaystyle PGCD(x, y) = 12\) និង \(\displaystyle x + y = 72\) ដែល \(\displaystyle 0 < x < y\) ។
  9. រកចំនួន \(\displaystyle x\) ដែលតូចជាងគេបំផុតដោយដឹងថា \(\displaystyle PPCM(6, x) = 24\) ។
  10. កញ្ចក់អ៊ុតកាត់ក្រណាត់មួយផ្ទាំងមានរាងចតុកោណកែងមានទទឹងប្រវែង 24cm និងបណ្ដោយ 56cm ដើម្បីធ្វើកូនកន្សែងដៃរាងការ៉េប៉ុនៗគ្នាដោយមិនឱ្យសល់ចម្រៀកក្រណាត់ ។ បើគេចង់បានកូនកន្សែងដៃដែលមានទំហំធំបំផុត ដែលអាចធ្វើបាន ។ តើជ្រុងនៃកូនកន្សែងដៃនោះមានប្រវែងប៉ុន្មាន ?
  11. នាឡិកាបីរោទិ៍ក្នុងរយៈពេលខុសគ្នា នាឡិកាទី 1 រោទិ៍រៀងរាល់ 10 នាទីម្តង នាឡិកាទី 2 រោទិ៍រៀងរាល់ 15 នាទីម្តង និងនាឡិកាទី 3 រោទិ៍រៀងរាល់ 20 នាទីម្តង ។ រកពេលលឿនបំផុតដែលនាឡិកាទាំងបីរោទិ៍ព្រមគ្នាម្តងទៀត បន្ទាប់ពីវាបានរោទិ៍ព្រមគ្នាម្តងហើយ ។

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី៧ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។