1. ទំព័រដើម
  2. ថ្នាក់ទី ៧
  3. មេរៀន
  4. មេរៀនទី ១១
១១
មេរៀនទី ១១ · គណិតវិទ្យាថ្នាក់ទី ៧

ផលធៀបនិងសមាមាត្រ

ឧទាហរណ៍ ១៥ប្រតិបត្តិ ៧
✓វត្ថុបំណង
  • ប្រៀបធៀបបរិមាណពីរដោយផលធៀប
  • បកស្រាយផលធៀបដោយអត្រា
  • ដោះស្រាយចំណោទតាមសមាមាត្រស្របនិងច្រាស ។

1. ផលធៀបនៃបរិមាណពីរ

•ឧទាហរណ៍

គេប្រៀបធៀបកម្ពស់សត្វឆ្កែនិងសត្វខ្លា ។ ការប្រៀបធៀបបរិមាណទាំងពីរនេះ \(\displaystyle 2cm\) លើ \(\displaystyle 3cm\) អាចសរសេរជាទម្រង់ 2:3 អានថា " ពីរលើបី " ។

ផលធៀបនេះគេអាចសរសេរជាប្រភាគ \(\displaystyle \frac{2}{3}\) ។

ដូចនេះគេអាចប្រៀបធៀបបរិមាណពីរដែលមានឯកតាដូចគ្នា ។

ជាទូទៅ   ផលធៀបនៃ \(\displaystyle a\) និង \(\displaystyle b\) ដែល \(\displaystyle a\) និង \(\displaystyle b\) ជាចំនួនគត់ (\(\displaystyle b \neq 0\)) ហើយតាងបរិមាណពីរដែលមានឯកតាដូចគ្នា គេអាចសរសេរជាទម្រង់ \(\displaystyle a : b\) ឬ \(\displaystyle \frac{a}{b}\) ។

•លំហាត់គំរូ

នៅក្នុងថ្នាក់ទី7 « ក » មានសិស្ស 45 នាក់ ក្នុងនោះមានសិស្សស្រី 15 នាក់ ។ រកផលធៀបសិស្សប្រុសនិងសិស្សស្រី ។

ចម្លើយ

ចំនួនសិស្សប្រុសនៅក្នុងថ្នាក់ទី7 « ក » មាន : \(\displaystyle 45 \text{ នាក់} - 15 \text{ នាក់} = 30 \text{ នាក់}\)

ផលធៀបសិស្សប្រុសនិងសិស្សស្រីគឺ \(\displaystyle 30:15\) ឬ \(\displaystyle \frac{30}{15} = \frac{2}{1}\) ។

✎ប្រតិបត្តិ ១

រកផលធៀប :

  • ក. \(\displaystyle 50g\) និង \(\displaystyle 200g\)
  • ខ. \(\displaystyle 700g\) និង \(\displaystyle 1kg\) ។
✎ប្រតិបត្តិ ២

លោកប៊ុនណា រកប្រាក់បាន $ 1200 ហើយបានចំណាយអស់ $ 450 ក្នុងមួយខែ ។

រកផលធៀប :

  • ក. ប្រាក់ចំណូលរបស់គាត់និងប្រាក់ចំណាយរបស់គាត់
  • ខ. ប្រាក់សន្សំរបស់គាត់និងប្រាក់ចំណូលរបស់គាត់ ។

2. ផលធៀបស្មើគ្នា

១ឧទាហរណ៍ ១

អ្នកបានរៀនរួចមកហើយថា :

\[2:5 = 4:10 = 6:15 = 8:20\]

ផលធៀប \(\displaystyle \frac{2}{5}\) , \(\displaystyle \frac{4}{10}\) , \(\displaystyle \frac{6}{15}\) និង \(\displaystyle \frac{8}{20}\) ជាផលធៀបសមមូលគ្នា ។

សេចក្ដីបញ្ជាក់ ៖ ដើម្បីឱ្យដឹងថាផលធៀបណាខ្លះសមមូលគ្នា គេត្រូវសរសេរផលធៀបទាំងនោះជាទម្រង់ \(\displaystyle \frac{a}{b}\) បន្ទាប់មកជ្រើសរើសយកប្រភាគណាដែលស្មើគ្នា ។

សំគាល់

  • លំដាប់ក្នុងការសរសេរផលធៀបមានសារៈសំខាន់ណាស់ ។
  • ផលធៀបគ្មានខ្នាតទេ ។
  • ផលធៀបអាចប្រើដើម្បីធ្វើការប្រៀបធៀបបរិមាណច្រើនជាងពីរ ។
២ឧទាហរណ៍ ២

បុរសបីនាក់ \(\displaystyle A\), \(\displaystyle B\) និង \(\displaystyle C\) បានចែកប្រាក់ចំណេញគ្នាក្នុងការរកស៊ីចូលហ៊ុនគ្នាមួយ ។ ពួកគេបានទទួលប្រាក់ $ 4000 , $ 3000 និង $ 1000 រៀងគ្នា ។

ផលធៀបចំណែកប្រាក់ចំណេញរបស់ពួកគេគឺ : \(\displaystyle 4000:3000:1000\) ឬ \(\displaystyle 4:3:1\) ។

•លំហាត់គំរូ

មុំក្នុងនៃចតុកោណមួយមានរង្វាស់ \(\displaystyle 40^\circ\) , \(\displaystyle 60^\circ\) , \(\displaystyle 120^\circ\) និង \(\displaystyle 140^\circ\) ។ រកផលធៀបនៃរង្វាស់មុំទាំងនេះតាមលំដាប់ដែលឱ្យ ។

ចម្លើយ

បើ \(\displaystyle a, b, c\) និង \(\displaystyle d\) ជារង្វាស់មុំក្នុងចតុកោណតាមលំដាប់ដែលឱ្យ

គេបានផលធៀបនៃមុំនេះគឺ :

\[\begin{aligned} a:b:c:d &= 40:60:120:140 \\ &= 2:3:6:7 \text{ ។} \end{aligned}\]
✎ប្រតិបត្តិ

ខាងក្រោមនេះ តើផលធៀបណាខ្លះជាផលធៀបសមមូលគ្នា ?

6:8 , 18:28 , 15:20 , \(\displaystyle \frac{3}{8}:2\) , \(\displaystyle 0.9:1.5\) ។

3. អត្រានិងល្បឿនមធ្យម

3.1 អត្រា

•ឧទាហរណ៍

ក. បើពងមាន់មួយឡូត៍ថ្លៃ 8400 ៛ តើពងមាន់ 30 ថ្លៃប៉ុន្មានរៀល ?

ខ. រថយន្តមួយធ្វើដំណើរចម្ងាយ \(\displaystyle 570km\) ស៊ីសាំងអស់ \(\displaystyle 60l\) ។ បើរថយន្តនោះធ្វើដំណើរចម្ងាយ \(\displaystyle 190km\) តើរថយន្តស៊ីសាំងអស់ប៉ុន្មានលីត្រ ?

ក. ពងមាន់ 1 ថ្លៃ = \(\displaystyle \frac{8400}{12}\) <– រៀល , ពងមាន់

ខ. ក្នុង \(\displaystyle 1km\) ស៊ីសាំងអស់ = \(\displaystyle \frac{60}{570}\) <– លីត្រ , គីឡូម៉ែត្រ

ប្រភាគនីមួយៗនេះខុសពីផលធៀបដោយវាទាក់ទងនឹងបរិមាណពីរប្រភេទដែលមានឯកតាខុសគ្នា ។ ប្រភាគនីមួយៗនេះហៅថា អត្រា ។

ក. អត្រា = \(\displaystyle \frac{8400}{12} \text{ ៛ } = 700 \text{ ៛ ក្នុងពងមាន់ 1 }\) ។

ដូចនេះ ពងមាន់ 30 គ្រាប់ថ្លៃ = \(\displaystyle 700 \text{ ៛ } \times 30 = 21000 \text{ ៛ }\)

ខ. អត្រា = \(\displaystyle \frac{60}{570} = \frac{2}{19}l \text{ ក្នុង } 1km\) គេកំណត់សរសេរ : អត្រា = \(\displaystyle \frac{2}{19}l/(km)\)

ដូចនេះ បើរថយន្តធ្វើដំណើរ \(\displaystyle 190km\) ស៊ីសាំងអស់ = \(\displaystyle \frac{2}{19} \times 190 = 20l\) ។

!សម្គាល់

គេប្រើនិមិត្តសញ្ញា « / » ដើម្បីបញ្ជាក់ពីអត្រា ។

3.2 ល្បឿនមធ្យម

១ឧទាហរណ៍ ១

ចាន់ដារ៉ានិងណារុន បានជិះកង់ប្រណាំងគ្នាលើចម្ងាយផ្លូវ \(\displaystyle 90km\) ប្រើអស់ពេល 5 ម៉ោង និង \(\displaystyle 4 \frac{1}{2}\) ម៉ោងរៀងគ្នា ។ តើអ្នកណាធ្វើដំណើរលឿនជាង ?

ណារុនបានធ្វើដំណើរលឿនជាង ព្រោះវាប្រើពេលអស់តិចជាង ដើម្បីបញ្ចប់ការប្រណាំងនេះ ។

គេក៏អាចបង្ហាញអត្រា ឬល្បឿនរបស់អ្នកទាំងពីរ

ចាន់ដារ៉ា : អត្រា ឬល្បឿនមធ្យម = \(\displaystyle \frac{90km}{5h} = 18km/h\) ។

ណារុន : អត្រា ឬល្បឿនមធ្យម = \(\displaystyle \frac{90km}{4\frac{1}{2}h} = 20km/h\) ។

ដូចនេះ ណារុនធ្វើដំណើរបានលឿនជាង ព្រោះវាធ្វើដំណើរដោយល្បឿនធំជាងនិងប្រើពេលវេលាតិចជាង ។

ជាទូទៅ   ល្បឿនមធ្យម = \(\displaystyle \frac{\text{ចម្ងាយចរ}}{\text{រយៈពេលចរ}}\) ឬ \(\displaystyle V = \frac{d}{t}\)   \(\displaystyle \begin{cases} V = \text{ល្បឿនមធ្យម} \\ d = \text{ចម្ងាយចរ} \\ t = \text{រយៈពេលចរ} \end{cases}\)

២ឧទាហរណ៍ ២

អ្នកជិះកង់ម្នាក់កំពុងធ្វើដំណើរដោយល្បឿនមធ្យម \(\displaystyle 18km/h\) ។

  • ក. សរសេរល្បឿនមធ្យមរបស់គាត់គិតជា \(\displaystyle m/s\) ។
  • ខ. រកចម្ងាយចរដែលគាត់ធ្វើដំណើរក្នុងរយៈពេល 3 ម៉ោង ។

ក. \(\displaystyle 18km = 18 \times 1000m \quad , \quad 1h = (60 \times 60)s\)

ដូចនេះ \(\displaystyle 18km/h = \frac{18km}{1h} = \frac{(18 \times 1000)m}{(60 \times 60)s} = 5m/s\) ។

ខ. ក្នុងរយៈពេល 3h អ្នកជិះកង់ធ្វើដំណើរបាន \(\displaystyle (18 \times 3)km = 54km\)

ជាទូទៅ   ចម្ងាយចរ = ល្បឿនមធ្យម \(\displaystyle \times\) រយៈពេលចរ ឬ \(\displaystyle d = v \times t\) ។

•លំហាត់គំរូ

រថភ្លើងមួយធ្វើដំណើរដោយល្បឿនមធ្យម \(\displaystyle 15m/s\) ។

  • ក. រករយៈពេលដែលរថភ្លើងចរក្នុងចម្ងាយផ្លូវ \(\displaystyle 750m\) ។
  • ខ. បើរថភ្លើងនេះចេញដំណើរពីស្ថានីយ A នៅម៉ោង 8 ព្រឹក ។ តើរថភ្លើងនេះទៅដល់ស្ថានីយ B នៅម៉ោងប៉ុន្មាន ? បើពី A ទៅ B មានចម្ងាយស្មើគ្នា \(\displaystyle 36km\) ។
ចម្លើយ

ក. \(\displaystyle d = 750m \quad , \quad v = 15m/s\)

\(\displaystyle t = \frac{d}{v} = \frac{750}{15} = 50\)

ដូចនេះ រយៈពេលចរស្មើ \(\displaystyle 50s\) ។

ខ. \(\displaystyle d = 36km \text{ ឬ } d = 36000m\)

\(\displaystyle t = \frac{d}{v} = \frac{36000}{15} = 2400s = 40mn\)

ដូចនេះ រថភ្លើងនេះទៅដល់ស្ថានីយ B នៅម៉ោង 8h40mn ព្រឹក ។

✎ប្រតិបត្តិ

បើរថយន្តមួយធ្វើដំណើរក្នុងចម្ងាយផ្លូវ \(\displaystyle 91km\) វាស៊ីសាំងអស់ \(\displaystyle 7l\) ។

តើរថយន្តនេះធ្វើដំណើរបានចម្ងាយប៉ុន្មាន \(\displaystyle km\) បើវាមានសាំង \(\displaystyle 15l\) ?

តើម្ចាស់រថយន្តនេះបានចំណាយប្រាក់លើថ្លៃសាំងអស់ប៉ុន្មានរៀលនៅពេលគាត់ធ្វើដំណើរបានចម្ងាយ \(\displaystyle 260km\) ដោយសាំង \(\displaystyle 1l\) ថ្លៃ 5400 ៛ ?

4. សមាមាត្រ

4.1 សមាមាត្រស្រប

ឧទាហរណ៍ : អង្ករនៅក្នុងថង់នីមួយៗមានម៉ាសខុសៗគ្នា និងត្រូវលក់ក្នុងតម្លៃខុសៗគ្នា ។ គេធ្វើផលធៀបម៉ាសនិងផលធៀបតម្លៃរបស់វាទៅតាមគូដូចខាងក្រោម :

ផលធៀបម៉ាសផលធៀបតម្លៃ
\(\displaystyle 3kg : 6kg = 1 : 2\)\(\displaystyle 4800 \text{ ៛ } : 9600 \text{ ៛ } = 1 : 2\)
\(\displaystyle 3kg : 9kg = 1 : 3\)\(\displaystyle 4800 \text{ ៛ } : 14400 \text{ ៛ } = 1 : 3\)
\(\displaystyle 6kg : 9kg = 2 : 3\)\(\displaystyle 9600 \text{ ៛ } : 14400 \text{ ៛ } = 2 : 3\)

គេកត់សម្គាល់ឃើញថា ផលធៀបម៉ាសនិងផលធៀបតម្លៃរបស់វាស្មើគ្នា ។

គេនិយាយថា តម្លៃសមាមាត្រទៅនឹងម៉ាស ឬតម្លៃជាសមាមាត្រស្របទៅនឹងម៉ាស ។ គេសម្គាល់ឃើញថា គូផលធៀបតម្លៃនិងម៉ាសរៀងគ្នា \(\displaystyle \frac{3}{6}\) និង \(\displaystyle \frac{4800}{9600}\) , \(\displaystyle \frac{3}{9}\) និង \(\displaystyle \frac{4800}{14400}\) , \(\displaystyle \frac{6}{9}\) និង \(\displaystyle \frac{9600}{14400}\) ជាផលធៀបសមមូលគ្នា ។

ដូចនេះ \(\displaystyle \frac{3}{6} = \frac{4800}{9600}\) , ... គឺជាសមាមាត្រ ហើយចំនួន 3 និង 6 , 4800 និង 9600 , ... ហៅថាតួនៃសមាមាត្រ ។

កាលណាបរិមាណពីរកូមានផលធៀបស្មើគ្នា បរិមាណទាំងនេះជាតួនៃសមាមាត្រ ។

បើ \(\displaystyle a_1, a_2, b_1, b_2\) ជាបួនចំនួនខុសពីសូន្យ ។

គេថាគូ \(\displaystyle (a_1, a_2)\) និង \(\displaystyle (b_1, b_2)\) ជាគូសមាមាត្រគ្នា បើវាមានចំនួន \(\displaystyle k\) មួយដែល :

\(\displaystyle a_1\)\(\displaystyle a_2\)
\(\displaystyle b_1\)\(\displaystyle b_2\)

\(\displaystyle \Big\} \times k\)

\(\displaystyle b_1 = k a_1\) និង \(\displaystyle b_2 = k a_2\)

លក្ខខណ្ឌនេះ គេអាចសរសេរ : \(\displaystyle \frac{b_1}{a_1} = \frac{b_2}{a_2}\) ឬ \(\displaystyle \frac{a_1}{b_1} = \frac{a_2}{b_2}\)

ចំពោះ \(\displaystyle \frac{a_1}{b_1} = \frac{a_2}{b_2}\) បើគេគុណអង្គទាំងពីរនៃសមាមាត្រនឹង \(\displaystyle b_1 b_2\)

គេបាន \(\displaystyle \frac{a_1}{b_1} \times b_1 b_2 = \frac{a_2}{b_2} \times b_1 b_2\) សមមូលនឹង \(\displaystyle a_1 b_2 = a_2 b_1\)

ដូចនេះ \(\displaystyle \frac{a_1}{b_1} = \frac{a_2}{b_2}\) សមមូល \(\displaystyle a_1 b_2 = a_2 b_1\) ។

បើ \(\displaystyle k\) ជាតម្លៃរួមនៃផលធៀប \(\displaystyle \frac{b_1}{a_1}\) និង \(\displaystyle \frac{b_2}{a_2}\) គេបាន \(\displaystyle b_1 = k a_1\) និង \(\displaystyle b_2 = k a_2\)

ដូចនេះ \(\displaystyle \frac{b_1 + b_2}{a_1 + a_2} = \frac{k(a_1 + a_2)}{a_1 + a_2} = k\) ។ គេបានលក្ខណៈដូចខាងក្រោម :

\(\displaystyle a_1\) និង \(\displaystyle a_2\) ជាពីរចំនួនខុសពីសូន្យដែល \(\displaystyle a_1 + a_2 \neq 0\)
បើ \(\displaystyle \frac{b_1}{a_1} = \frac{b_2}{a_2}\) នោះគេបាន \(\displaystyle \frac{b_1}{a_1} = \frac{b_2}{a_2} = \frac{b_1 + b_2}{a_1 + a_2}\)
ដូចគ្នាដែរ \(\displaystyle a_1, a_2, a_3\) ជាបីចំនួនខុសពីសូន្យដែល \(\displaystyle a_1 + a_2 + a_3 \neq 0\)
បើ \(\displaystyle \frac{b_1}{a_1} = \frac{b_2}{a_2} = \frac{b_3}{a_3}\) នោះ \(\displaystyle \frac{b_1}{a_1} = \frac{b_2}{a_2} = \frac{b_3}{a_3} = \frac{b_1 + b_2 + b_3}{a_1 + a_2 + a_3}\) ។
១លំហាត់គំរូ ១

រកថ្លៃស៊ុត \(\displaystyle 13kg\) បើស៊ុត \(\displaystyle 6kg\) ថ្លៃ 90 000 ៛ ។

ចម្លើយ

តាង \(\displaystyle x\) ( រៀល ) ថ្លៃស៊ុត \(\displaystyle 13kg\) ។

គេបាន \(\displaystyle \frac{x}{90000} = \frac{13}{6}\)

ម៉ាសស៊ុត\(\displaystyle 13kg\)\(\displaystyle 6kg\)
ថ្លៃស៊ុត\(\displaystyle x\)90 000 ៛

\(\displaystyle x = \frac{13}{6} \times 90000 = 195000 \text{ ៛}\)

ដូចនេះស៊ុត \(\displaystyle 13kg\) ថ្លៃ 195 000 ៛ ។

២លំហាត់គំរូ ២

នាយកសាលាបានចំណាយប្រាក់ 120 000 ៛ ជូនរង្វាន់ដល់សិស្សពូកែបីនាក់ដែលជាប់ចំណាត់ថ្នាក់ពីលេខ 1 ដល់លេខ 3 ។ ចំនួនប្រាក់ដែលសិស្សម្នាក់ៗទទួលបានសមាមាត្រនឹង 3, 2 និង 1 រៀងគ្នា ។ រកប្រាក់ដែលសិស្សម្នាក់ៗទទួលបាន ។

ចម្លើយ

តាង \(\displaystyle a_1, a_2, a_3\) ជាចំនួនប្រាក់ដែលសិស្សម្នាក់ៗទទួលបានរៀងគ្នា

បើ \(\displaystyle a_1, a_2, a_3\) និង 3, 2, 1 សមាមាត្រគ្នា គេបាន : \(\displaystyle \frac{a_1}{3} = \frac{a_2}{2} = \frac{a_3}{1}\) ។

ដោយ \(\displaystyle a_1 + a_2 + a_3 = 120000 \text{ ៛}\)

គេបាន \(\displaystyle \frac{a_1}{3} = \frac{a_2}{2} = \frac{a_3}{1} = \frac{a_1 + a_2 + a_3}{3 + 2 + 1} = \frac{120000}{6} = 20000\) ។

គេទាញបាន \(\displaystyle \frac{a_1}{3} = 20000\) នោះ \(\displaystyle a_1 = 20000 \times 3 = 60000\) ។

\(\displaystyle \frac{a_2}{2} = 20000\) នោះ \(\displaystyle a_2 = 20000 \times 2 = 40000\) ។

\(\displaystyle \frac{a_3}{1} = 20000\) នោះ \(\displaystyle a_3 = 20000 \times 1 = 20000\) ។

ដូចនេះសិស្សម្នាក់ៗជាប់ចំណាត់ថ្នាក់លេខ 1 ដល់លេខ 3 ទទួលបានរង្វាន់រៀងគ្នាគឺ :

60 000 ៛, 40 000 ៛, 20 000 ៛ ។

✎ប្រតិបត្តិ ១

តើបរិមាណណាមួយ សមាមាត្រទៅនឹងបរិមាណមួយទៀត ?

ក.

មាឌ \(\displaystyle (V)\)\(\displaystyle 16cm^3\)\(\displaystyle 24cm^3\)
ម៉ាស \(\displaystyle (m)\)\(\displaystyle 300g\)\(\displaystyle 450g\)

    ខ.

រយៈពេល \(\displaystyle t\)\(\displaystyle 300mn\)\(\displaystyle 50mn\)
ចម្ងាយចរ \(\displaystyle (d)\)\(\displaystyle 60km\)\(\displaystyle 80km\)
✎ប្រតិបត្តិ ២

គេឱ្យ \(\displaystyle a:b:c = 5:3:8\) និង \(\displaystyle b = 36000 \text{ ៛}\) ។ រកតម្លៃ \(\displaystyle a\) និង \(\displaystyle c\) ។

4.2 សមាមាត្រច្រាស

•ឧទាហរណ៍

រយៈពេលធ្វើដំណើរដោយរថយន្តមួយលើចម្ងាយផ្លូវ \(\displaystyle 120km\) មានល្បឿនមធ្យមផ្សេងៗគ្នាដូចខាងក្រោម :

ល្បឿនមធ្យម \(\displaystyle (km/h)\)រយៈពេលចរ (ម៉ោង)
206
304
403
602
1201

តាមការសង្កេតតារាងខាងលើឃើញថាល្បឿនរបស់រថយន្ត កាន់តែធំ រយៈពេលចរកាន់តែតិច ។

  • ករណី1 ល្បឿនមធ្យមកើនឡើងពីរដងល្បឿនដើម ។

    ល្បឿនមធ្យម \(\displaystyle (km/h)\)រយៈពេលចរ (ម៉ោង)
    304
    602

    ដូចនេះ \(\displaystyle 30km/h : 60km/h = 2h : 4h\) ឬ \(\displaystyle \frac{30km/h}{60km/h} = \frac{2h}{4h}\) ។

  • ករណី2 ល្បឿនមធ្យមកើនឡើង 3 ដងនៃល្បឿនដើម

    ល្បឿនមធ្យម \(\displaystyle (km/h)\)រយៈពេលចរ \(\displaystyle (h)\)
    403
    1201

    ដូចនេះ \(\displaystyle 40km/h : 120km/h = 1h : 3h\) ឬ \(\displaystyle \frac{40km/h}{120km/h} = \frac{1h}{3h}\) ។

ឧទាហរណ៍ខាងលើនេះ ជាសមាមាត្រច្រាស ដែលរយៈពេលចរជាសមាមាត្រច្រាសទៅនឹងល្បឿនមធ្យម ។

១លំហាត់គំរូ ១

បុរស 10 នាក់អាចជីកអាងទឹកមួយហើយក្នុងរយៈពេល 4 ម៉ោង ។ បើបុរស 5 នាក់ជីកអាងទឹកដដែលនេះ តើត្រូវប្រើពេលប៉ុន្មានទើបហើយ ?

ចម្លើយ

តាង \(\displaystyle t\) (ម៉ោង) ជារយៈពេលដែលបុរសទាំង 5 នាក់ជីកអាងទឹកនោះហើយ ។

\(\displaystyle t(h) : 4h = 10 \text{ នាក់} : 5 \text{ នាក់}\)

\(\displaystyle \frac{t}{4} = \frac{10}{5}\) នោះ \(\displaystyle t = \frac{10}{5} \times 4 = 8\)

ចំនួនបុរសរយៈពេល \(\displaystyle h\)
10 នាក់\(\displaystyle 4h\)
5 នាក់\(\displaystyle t(h)\)

ដូចនេះ បុរស 5 នាក់ប្រើរយៈពេល 8 ម៉ោងទើបជីកអាងទឹកនោះហើយ ។

២លំហាត់គំរូ ២

គេឱ្យ \(\displaystyle a:b:c = 3:5:9\) និង \(\displaystyle c - a = 72\) ។ រកតម្លៃនៃ \(\displaystyle a+b+c\) ។

ចម្លើយ

\(\displaystyle \frac{a}{3} = \frac{b}{5} = \frac{c}{9} = \frac{a+b+c}{3+5+9} = \frac{a+b+c}{17}\) ម្យ៉ាងទៀត \(\displaystyle \frac{c}{9} = \frac{a}{3} = \frac{c-a}{9-3} = \frac{c-a}{6}\)

\(\displaystyle \frac{c-a}{6} = \frac{a+b+c}{17}\) ឬ \(\displaystyle \frac{a+b+c}{c-a} = \frac{17}{6}\) ដូចនេះ \(\displaystyle a+b+c = \frac{17}{6} \times (c-a) = \frac{17}{6} \times 72 = 204\) ។

✎ប្រតិបត្តិ

កសិករម្នាក់មានចំណីសម្រាប់ផ្គត់ផ្គង់គោរបស់គាត់ 40 ក្បាលបាន 35 ថ្ងៃ ។ បើគាត់ទិញគោ 10 ក្បាលបន្ថែមទៀត តើគាត់អាចផ្គត់ផ្គង់ចំណីដែលឱ្យគោបានប៉ុន្មានថ្ងៃ ?

លំហាត់

  1. រកផលធៀបនៃបរិមាណខាងក្រោម ហើយសរសេរផលធៀបទាំងនោះជាទម្រង់ \(\displaystyle \frac{a}{b}\) ។

    • ក. \(\displaystyle 8cm\) និង \(\displaystyle 17cm\)
    • ខ. 3800 ៛ និង 1500 ៛
    • គ. \(\displaystyle 1\frac{1}{2}\) ថ្ងៃ និង 13 ម៉ោង ។
    • តើគូផលធៀបណា ជាផលធៀបសមមូលគ្នា ។

      • ក. 5:4 និង 35:28
      • ខ. 63:27 និង 9:7
      • គ. \(\displaystyle 1\frac{1}{2}:2\) និង \(\displaystyle \frac{3}{4}:1\) ។
      • នីតាមានអាយុ 12 ឆ្នាំ និងឪពុករបស់នាងមានអាយុ 35 ឆ្នាំ ។ សរសេរផលធៀបអាយុរបស់នីតានិងអាយុរបស់ឪពុកនាងជាទម្រង់ \(\displaystyle a:b\) ។
      • ការេពីរមានជ្រុងប្រវែង \(\displaystyle 4cm\) និង \(\displaystyle 6cm\) រៀងគ្នា ។ រកផលធៀប :

        • ក. ជ្រុងរបស់ការេទាំងពីរ
        • ខ. បរិមាត្ររបស់ការេទាំងពីរ
        • គ. ផ្ទៃក្រឡារបស់ការេទាំងពីរ ។
        • តារាងខាងក្រោមបង្ហាញពីមធ្យោបាយធ្វើដំណើររបស់កម្មករចំនួន 117 នាក់ ។ រកផលធៀបកម្មករធ្វើដំណើរតាមម៉ូតូនិងមធ្យោបាយខុសៗគ្នា ។

          ម៉ូតូរថភ្លើងរថយន្តក្រុងរថយន្តតូច
          9217215
        • ក្នុងចំណោម គូនៃបរិមាណនីមួយៗខាងក្រោមតើគូណាខ្លះសមាមាត្រគ្នា ?

          • ក. \(\displaystyle 8g:10\) និង 1200 ៛ : 1500 ៛
          • ខ. \(\displaystyle \frac{40}{100}\) និង \(\displaystyle \frac{15}{50}\)
          • គ. \(\displaystyle 9cm : 36cm\) និង \(\displaystyle 27m:90m\)
          • ឃ. \(\displaystyle \frac{6}{16}\) និង \(\displaystyle \frac{15}{40}\) ។
          • សៀវភៅ 108 ក្បាលមានទម្ងន់ \(\displaystyle 54kg\) ។ សៀវភៅ 150 ក្បាលទៀតមានទម្ងន់ \(\displaystyle 75kg\) ។ តើចំនួនសៀវភៅសមាមាត្រទៅនឹងទម្ងន់ឬទេ ?
          • រកតម្លៃ \(\displaystyle x\) នៅក្នុងសមាមាត្រខាងក្រោម :

            • ក. \(\displaystyle \frac{x}{28} = \frac{4}{7}\)
            • ខ. \(\displaystyle \frac{12}{8} = \frac{9}{x}\)
            • គ. \(\displaystyle 3kg:xg = 1800 \text{ ៛} : 360 \text{ ៛}\) ។
            • ផលធៀបចំនួនអ្នកគ្រូនិងលោកគ្រូនៅក្នុងសាលាមួយស្មើនឹង \(\displaystyle 3:5\) ។ បើគ្រូទាំងអស់នៅក្នុងសាលានោះមានចំនួន 56 នាក់ ។ តើនៅក្នុងសាលានោះមានអ្នកគ្រូចំនួនប៉ុន្មាននាក់ ?
            • គេឱ្យ \(\displaystyle x:y = 5:9\) រកតម្លៃនៃ

              • ក. \(\displaystyle x \text{ បើ } y = 72\)
              • ខ. \(\displaystyle y \text{ បើ } x = 65\)
              • គ. \(\displaystyle x, \text{ បើ } x+y = 42\)
              • ឃ. \(\displaystyle x \text{ បើ } y-x = 28\)
              • ង. \(\displaystyle x+y \text{ បើ } y-x = 52\)
              • ច. \(\displaystyle y-x \text{ បើ } x+y = 154\)
              • បុរសម្នាក់រកប្រាក់បាន \(\displaystyle p\) រៀល ហើយចំណាយអស់ \(\displaystyle q\) រៀលក្នុងមួយខែ ។ បើផលធៀបចំនួនប្រាក់ដែលគាត់បាន និងចំនួនប្រាក់ដែលគាត់ចំណាយស្មើនឹង \(\displaystyle 8:3\) ។ តើគាត់រកប្រាក់បានចំនួនប៉ុន្មានរៀលក្នុងមួយខែ បើគាត់សន្សំប្រាក់បាន 75000 ៛ ?
              • រថយន្តមួយធ្វើដំណើរលើចម្ងាយផ្លូវ \(\displaystyle 68km\) ដែលមានល្បឿនមធ្យម \(\displaystyle 52km/h\) ។ បន្ទាប់មកវាធ្វើដំណើរបានចម្ងាយ \(\displaystyle 20km\) ទៀតដែលមានល្បឿនមធ្យម \(\displaystyle 40km/h\) មុននឹងវាទៅដល់ទីដៅ ។ គណនាល្បឿនមធ្យមរថយន្តពេញមួយដំណើរនេះ ។
              • ចំណុច \(\displaystyle A\) និង \(\displaystyle B\) មានចម្ងាយ \(\displaystyle 120m\) ។ \(\displaystyle M\) ជាចំណុចកណ្ដាលនៃ \(\displaystyle A\) និង \(\displaystyle B\) ។ វត្ថុមួយមានចលនាពី \(\displaystyle A\) ទៅ \(\displaystyle M\) ចំណាយពេលអស់ \(\displaystyle 12s\) ហើយពី \(\displaystyle M\) ទៅ \(\displaystyle B\) មានល្បឿនមធ្យម \(\displaystyle 15m/s\) ។

                • ក. គណនាល្បឿនមធ្យមនៃវត្ថុនោះពី \(\displaystyle A\) ទៅ \(\displaystyle M\)
                • ខ. គណនារយៈពេលធ្វើវត្ថុពី \(\displaystyle M\) ទៅ \(\displaystyle B\) ។
                • គ. គណនាល្បឿនមធ្យមរបសវត្ថុពី \(\displaystyle A\) ទៅ \(\displaystyle B\) ។
                • បុរសម្នាក់ធ្វើការរយៈពេល 4 ម៉ោងរកប្រាក់បាន 26000 ៛ ។ បើគាត់ធ្វើការរយៈពេល \(\displaystyle \frac{2}{3}\) ម៉ោង តើគាត់រកប្រាក់បានប៉ុន្មានរៀល ?
                • អគារមួយមានកម្ពស់ \(\displaystyle 15m\) ឱ្យស្រមោល \(\displaystyle 1.8m\) ។ ក្នុងពេលដូចគ្នានេះដែរ បើដើមឈើមួយដើមឱ្យស្រមោលប្រវែង \(\displaystyle 60cm\) តើដើមឈើនេះមានកម្ពស់ប៉ុន្មានម៉ែត្រ ?
                • ពាណិជ្ជករម្នាក់បានលាយស្រូវរដូវប្រាំងនិងស្រូវវស្សាសម្រាប់លក់ឱ្យកសិករ ។ គាត់បានលាយស្រូវវស្សា 8 បាវដែលមួយបាវៗមានទម្ងន់ស្មើៗគ្នា ជាមួយស្រូវរដូវប្រាំង 3 បាវដែលមានទម្ងន់ស្មើៗគ្នា ។ គណនាទម្ងន់ស្រូវមួយបាវៗ បើគេដឹងថាទម្ងន់ស្រូវវស្សានិងស្រូវរដូវប្រាំងមានផលធៀប \(\displaystyle 2:3\) ។ គេដឹងថាស្រូវលាយសរុបមានទម្ងន់ \(\displaystyle 560kg\) ។
                • អ្នកម៉ៅការម្នាក់ត្រូវការសាងសង់ អគារសាលារៀន 56 នាក់ដើម្បីធ្វើការមួយហើយក្នុងរយៈពេល 21 ថ្ងៃ ។ បើគាត់ចង់ឱ្យការងារនោះហើយក្នុងរយៈពេល 14 ថ្ងៃ តើចំនួនកម្មករដែលត្រូវថែមប៉ុន្មាននាក់ ?

                ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី៧ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។