1. ទំព័រដើម
  2. ថ្នាក់ទី ៧
  3. មេរៀន
  4. មេរៀនទី ១៤
១៤
មេរៀនទី ១៤ · គណិតវិទ្យាថ្នាក់ទី ៧

បន្ទាត់ស្រប បន្ទាត់កែង

ឧទាហរណ៍ ១៧ប្រតិបត្តិ ៤
✓វត្ថុបំណង
  • កំណត់បន្ទាត់ស្រប បន្ទាត់កែង
  • កំណត់ទំនាក់ទំនងរវាងមុំផ្តុំដោយបន្ទាត់ពីរនិងខ្នាត់មួយ
  • សំណង់បន្ទាត់ស្របនិងបន្ទាត់កែង ដោយប្រើបន្ទាត់កែងនិងដែកឈាន
  • កំណត់មុំមានជ្រុងត្រូវគ្នាស្របរៀងគ្នានិងមុំមានជ្រុងត្រូវគ្នាកែងរៀងគ្នា ។

1. សញ្ញាណ បន្ទាត់ស្រប

១ឧទាហរណ៍ ១
  • - សសរព្រះវិហារ    - ផ្លូវរថភ្លើង
  • - បង្គោលភ្លើងតាមសួនច្បារ    - ត្រង់ទ្វារ

ឧទាហរណ៍ទាំងអស់ខាងលើនេះផ្តល់សញ្ញាណ “បន្ទាត់ស្រប” ។

២ឧទាហរណ៍ ២

បើបន្ទាត់ \(\displaystyle d\) និង \(\displaystyle d'\) នៅក្នុងប្លង់មួយគ្មានចំណុចរួមគេថា \(\displaystyle d\) និង \(\displaystyle d'\) ស្របគ្នា ។

គេកំណត់សរសេរ \(\displaystyle d \parallel d'\) ។

ជាទូទៅ   បន្ទាត់ពីរស្ថិតក្នុងប្លង់តែមួយ ហើយគ្មានចំណុចរួមហៅថា បន្ទាត់ស្រប ។
!សម្គាល់

បើបន្ទាត់ \(\displaystyle d\) និងបន្ទាត់ \(\displaystyle d'\) មានចំណុចរួម \(\displaystyle O\) មួយ គេថាបន្ទាត់ \(\displaystyle d\) និង \(\displaystyle d'\) មិនស្របគ្នាទេ គឺប្រសព្វគ្នាត្រង់ចំណុច \(\displaystyle O\) ។

គេកំណត់សរសេរ \(\displaystyle d \cap d' = \{O\}\) ។

៣ឧទាហរណ៍ ៣

ឱ្យឧទាហរណ៍បន្ទាត់ពីរស្របគ្នាដែលស្ថិតនៅក្នុងថ្នាក់រៀនយើង ។ ជើងតុ ជើងកៅអី សសរថ្នាក់រៀន \(\displaystyle \dots\) ។ល។

•លំហាត់គំរូ

គូសបន្ទាត់ពីរស្របគ្នា បន្ទាប់មកគូសបន្ទាត់ទីបីស្របនឹងបន្ទាត់ទីមួយ ។ តើបន្ទាត់ទីបីស្របនឹងបន្ទាត់ទីពីរឬទេ ?

ចម្លើយ

តាងបន្ទាត់ \(\displaystyle d_1\) ជាបន្ទាត់ទី 1

ហើយ \(\displaystyle d_2\) ជាបន្ទាត់ទី 2

និង \(\displaystyle d_3\) ជាបន្ទាត់ទី 3

គេមាន \(\displaystyle d_1 \parallel d_2\) ហើយ \(\displaystyle d_1 \parallel d_3\) នោះគេបាន \(\displaystyle d_2 \parallel d_3\) ។

2. សញ្ញាណបន្ទាត់កែង

១ឧទាហរណ៍ ១

ផ្លូវបំបែកជាបួន ក្រឡាលើក្រដាស បន្ទាត់កែង \(\displaystyle \dots\dots\dots\dots\dots\dots\)

ឧទាហរណ៍ទាំងអស់ខាងលើនេះហៅថា “បន្ទាត់កែង” ។

២ឧទាហរណ៍ ២

បើបន្ទាត់ \(\displaystyle d\) និង \(\displaystyle d'\) នៅក្នុងប្លង់មួយមានចំណុច \(\displaystyle O\) មួយហើយផ្តុំបានមុំកែងមួយ ។

គេថា \(\displaystyle d\) និង \(\displaystyle d'\) កែងគ្នាត្រង់ \(\displaystyle O\) ។

គេកំណត់សរសេរ \(\displaystyle d \perp d'\) ។

ជាទូទៅ   បន្ទាត់ ឬកន្លះបន្ទាត់ ឬអង្កត់ពីរនៅក្នុងប្លង់មួយកែងគ្នាកាលណាវាកាត់គ្នា ហើយផ្តុំបានមុំកែងមួយ ។
•លំហាត់គំរូ

គេឱ្យ \(\displaystyle Ax \perp Ay\) ។ មុំ \(\displaystyle \angle xAO\) មានរង្វាស់បួនដងនៃមុំ \(\displaystyle \angle yAO\) ។ គណនារង្វាស់មុំ \(\displaystyle \angle xAO\) ។

ចម្លើយ

គេមាន \(\displaystyle Ax \perp Ay\) នោះ \(\displaystyle \angle xAO + \angle yAO = 90^\circ\)

តែ \(\displaystyle \angle xAO = 4\angle yAO\) សម្មតិកម្ម

\(\displaystyle \angle xAO + \frac{1}{4}\angle xAO = 90^\circ\)

\(\displaystyle \frac{5}{4}\angle xAO = 90^\circ\)

\(\displaystyle \Rightarrow \angle xAO = \frac{90^\circ \times 4}{5} = 72^\circ\)

ដូចនេះ \(\displaystyle \angle xAO = 72^\circ\) ។

✎ប្រតិបត្តិ

គេឱ្យ \(\displaystyle DE \perp EF\) ។ \(\displaystyle EG\) ជាកន្លះបន្ទាត់ពុះ \(\displaystyle \angle DEF\) ។ គណនារង្វាស់មុំ \(\displaystyle \angle GEF\) ។

3. លក្ខណៈនៃបន្ទាត់ស្រប

  • ក.

    តាមចំណុច \(\displaystyle A\) មួយមិនស្ថិតនៅលើបន្ទាត់ \(\displaystyle d\) គេអាចគូសបន្ទាត់បានតែមួយគត់ដែលកាត់តាម \(\displaystyle A\) ហើយស្របនឹងបន្ទាត់ \(\displaystyle d\) ។

  • ខ.

    បើបន្ទាត់ពីរស្របគ្នា នោះគ្រប់បន្ទាត់ដែលកាត់ បន្ទាត់មួយ ត្រូវកាត់បន្ទាត់មួយទៀត ។

  • គ.

    បើបន្ទាត់ពីរស្របគ្នា នោះគ្រប់បន្ទាត់ដែលស្រប បន្ទាត់មួយ ត្រូវស្របបន្ទាត់មួយទៀត ។

4. លក្ខណៈនៃបន្ទាត់កែង

  • ក.

    តាមចំណុច \(\displaystyle A\) មួយមិនស្ថិតនៅលើបន្ទាត់ \(\displaystyle d\) មួយ គេអាចគូសបានបន្ទាត់តែមួយគត់កាត់តាម \(\displaystyle A\) ដែលកែងនឹងបន្ទាត់ \(\displaystyle d\) ។

  • ខ.

    បើបន្ទាត់ពីរស្របគ្នា នោះគ្រប់បន្ទាត់ដែលកែង បន្ទាត់មួយត្រូវកែងនឹងបន្ទាត់មួយទៀត ។ បើ \(\displaystyle \begin{cases} d \parallel d' \\ d \perp m \end{cases}\) នោះ \(\displaystyle d' \perp m\) ។

  • គ.

    បើបន្ទាត់ពីរកែងទៅនឹងបន្ទាត់តែមួយ នោះបន្ទាត់ទាំងពីរស្របគ្នា ។ បើ \(\displaystyle \begin{cases} d \perp m \\ d' \perp m \end{cases}\) នោះ \(\displaystyle d \parallel d'\) ។

5. សំណង់បន្ទាត់ស្រប និងបន្ទាត់កែង ដោយប្រើបន្ទាត់កែង និងដែកឈាន

5.1 សំណង់បន្ទាត់កែងនឹងបន្ទាត់មួយ

គូសបន្ទាត់មួយដែលកាត់តាមចំណុច \(\displaystyle O \in xy\) ហើយ កែងនឹង \(\displaystyle xy\) ។ គេដាក់ជ្រុង \(\displaystyle AB\) នៃកែងឱ្យត្រួតលើ \(\displaystyle xy\) ហើយរំកិលកែងឱ្យជ្រុងមុំកែង \(\displaystyle AC\) មួយទៀតកាត់តាម ចំណុច \(\displaystyle O\) រួចគេគូសជ្រុង \(\displaystyle AC\) ហើយគេបន្លាយ \(\displaystyle AC\) ។

គេបាន \(\displaystyle CC' \perp xy\) ហើយកាត់តាម \(\displaystyle O\) ។

5.2 សំណង់បន្ទាត់ស្របដោយប្រើបន្ទាត់កែង

  1. គេដឹងថា បន្ទាត់ពីរផ្សេងគ្នាកែងទៅនឹងបន្ទាត់តែមួយ ជាបន្ទាត់ស្របគ្នា ។ តាមន័យនេះគេអាចសង់បន្ទាត់ពីរស្របគ្នាដោយប្រើបន្ទាត់កែង ។ គេមានបន្ទាត់ \(\displaystyle xy\) មួយ គេដាក់ជ្រុងនៃកែងឱ្យត្រួតស៊ីលើបន្ទាត់ \(\displaystyle xy\) រួចគូសបន្ទាត់ \(\displaystyle d \perp xy\) ។ គេរំកិលជ្រុងកែងលើបន្ទាត់ \(\displaystyle xy\) រួចគូសបន្ទាត់ \(\displaystyle d' \perp xy\) ។ ដូចនេះ គេបានបន្ទាត់ \(\displaystyle d \parallel d'\) ។ គេសង្កេតឃើញថា បើគេបន្លាយអ៊ីប៉ូតេនុសនៃកែង គេក៏បានបន្ទាត់ \(\displaystyle L \parallel L'\) ដែរ ។

  2. តាមចំណុច \(\displaystyle A\) មិនស្ថិតលើបន្ទាត់ \(\displaystyle x'x\) គូសបន្ទាត់ \(\displaystyle y'y \parallel x'x\) ។ ដំបូងគូសបន្ទាត់ \(\displaystyle d\) កាត់ បន្ទាត់ \(\displaystyle x'x\) គេដាក់បន្ទាត់កែងយ៉ាងណាឱ្យជ្រុងនៃកែងមួយត្រួតស៊ីគ្នាជាមួយបន្ទាត់ \(\displaystyle x'x\) និងជ្រុងមួយទៀតត្រួតស៊ីគ្នាទិស \(\displaystyle d\) ។ គេរំកិលបន្ទាត់កែងរហូតដល់ជ្រុងនៃកែងត្រួតគ្នានឹង \(\displaystyle x'x\) កាត់តាមចំណុច \(\displaystyle A\) ។ គេគូសបន្ទាត់ \(\displaystyle y'Ay\) គេបានបន្ទាត់ \(\displaystyle y'y \parallel x'x\) ដែលត្រូវសង់ ។

•លំហាត់គំរូ
  1. ក. គូសបន្ទាត់ \(\displaystyle d\) និងដៅចំណុច \(\displaystyle A\) មួយនៅក្រៅបន្ទាត់ \(\displaystyle d\) ។
  2. ខ. គូសបន្ទាត់ \(\displaystyle h\) កាត់តាមចំណុច \(\displaystyle A\) ហើយកែងបន្ទាត់ \(\displaystyle d\) ។
  3. គ. ដៅចំណុច \(\displaystyle B\) មួយនៅក្រៅបន្ទាត់ \(\displaystyle d\) និង \(\displaystyle h\) ។
  4. ឃ. គូសបន្ទាត់ \(\displaystyle k\) កាត់តាមចំណុច \(\displaystyle B\) ហើយកែងបន្ទាត់ \(\displaystyle h\) ។
  5. ង. តើគេថាយ៉ាងណាចំពោះ \(\displaystyle d\) និង \(\displaystyle k\) ?
ចម្លើយ

ក. ខ. គ. ឃ. ជាតូបខាងស្តាំ

ង. ដោយ \(\displaystyle \begin{cases} h \perp d \\ h \perp k \end{cases}\) នោះ \(\displaystyle d \parallel k\) ។

✎ប្រតិបត្តិ
  1. គេមានបន្ទាត់ \(\displaystyle d\) មួយ និងចំណុច \(\displaystyle A\) មិនស្ថិតនៅលើបន្ទាត់ \(\displaystyle d\) ។ សង់បន្ទាត់ \(\displaystyle d'\) កាត់តាម \(\displaystyle A\) ហើយកែងនឹងបន្ទាត់ \(\displaystyle d\) ដោយប្រើបន្ទាត់កែង ។
  2. គេមានបន្ទាត់ \(\displaystyle d\) មួយ និងចំណុច \(\displaystyle A\) មិនស្ថិតនៅលើបន្ទាត់ \(\displaystyle d\) ។ សង់បន្ទាត់ \(\displaystyle d'\) កាត់តាម \(\displaystyle A\) ហើយស្របនឹងបន្ទាត់ \(\displaystyle d\) ។

6. មុំផ្តុំដោយបន្ទាត់ពីរ និងខ្នាត់មួយ

ខ្នាត់ គឺជាបន្ទាត់ដែលប្រសព្វជាមួយបន្ទាត់ពីរទៀតក្នុងប្លង់តែមួយត្រង់ពីរចំណុចផ្សេងគ្នា ។ ផ្នែកប្លង់ដែលស្ថិតនៅចន្លោះបន្ទាត់ទាំងពីរហៅថា ផ្នែកខាងក្នុង និងផ្នែកនៅសល់នៃប្លង់ហៅថា ផ្នែកខាងក្រៅ ។

•ឧទាហរណ៍

ក្នុងរូបនេះ បន្ទាត់ \(\displaystyle a\) គឺជាខ្នាត់នៃបន្ទាត់ \(\displaystyle d\) និង \(\displaystyle d'\) ។

Tជាទូទៅ

បន្ទាត់ \(\displaystyle d\) និង \(\displaystyle d'\) ដែលកាត់ដោយខ្នាត់ \(\displaystyle BC\) ផ្តុំបានមុំប្រាំបីដែលចែកចេញជាពីរក្រុម គឺមុំឆ្លាស់ក្នុង មុំឆ្លាស់ក្រៅ និងមុំត្រូវគ្នា ។

  • មុំឆ្លាស់ក្នុង : ជាគូនៃមុំផ្តុំឡើងដោយបន្ទាត់ពីរនិងខ្នាត់មួយ ។ មុំទាំងពីរនេះត្រូវស្ថិតនៅផ្នែកខាងក្នុងហើយនៅម្ខាងម្នាក់នៃខ្នាត់និងមានកំពូល ផ្សេងគ្នា ។
  • មុំឆ្លាស់ក្រៅ : ជាគូនៃមុំផ្តុំឡើងដោយបន្ទាត់ពីរ និងខ្នាត់មួយ ។ មុំទាំងពីរនេះត្រូវស្ថិតនៅផ្នែកខាងក្រៅ ហើយនៅម្ខាងម្នាក់នៃខ្នាត់និងមានកំពូលផ្សេងគ្នា ។
  • មុំត្រូវគ្នា : ជាគូនៃមុំផ្តុំឡើងដោយបន្ទាត់ពីរ និងខ្នាត់មួយ ។ មុំមួយត្រូវស្ថិតនៅផ្នែកខាងក្នុង និងមុំមួយទៀតត្រូវស្ថិតនៅផ្នែកខាងក្រៅហើយនៅម្ខាងនៃខ្នាត់មានកំពូលផ្សេងគ្នា ។
•ឧទាហរណ៍

ពិនិត្យរូបខាងស្តាំនេះ រួចប្រាប់គូ មុំឆ្លាស់ក្នុង មុំឆ្លាស់ក្រៅ និងមុំត្រូវគ្នា ។

មុំឆ្លាស់ក្នុង គឺគូ \(\displaystyle \angle B_4\) និង \(\displaystyle \angle C_2 \quad , \quad \angle B_3\) និង \(\displaystyle \angle C_1\)

មុំឆ្លាស់ក្រៅ គឺគូ \(\displaystyle \angle B_1\) និង \(\displaystyle \angle C_3 \quad , \quad \angle B_2\) និង \(\displaystyle \angle C_4\)

និងមុំត្រូវគ្នា គឺគូ \(\displaystyle \angle B_1\) និង \(\displaystyle \angle C_1 \quad , \quad \angle B_2\) និង \(\displaystyle \angle C_2 \quad , \quad \angle B_3\) និង \(\displaystyle \angle C_3 \quad , \quad \angle B_4\) និង \(\displaystyle \angle C_4\) ។

7. មុំផ្តុំដោយបន្ទាត់ស្របពីរនិងខ្នាត់មួយ

១ឧទាហរណ៍ ១

ក្នុងរូបខាងស្តាំនេះ គេមាន :

  1. បន្ទាត់ \(\displaystyle \Delta\) ហៅថា ខ្នាត់
  2. មុំក្នុង \(\displaystyle \angle A_1 \quad , \quad \angle A_2 \quad , \quad \angle B_7 \quad , \quad \angle B_8\)
  3. មុំក្រៅ \(\displaystyle \angle A_3 \quad , \quad \angle A_4 \quad , \quad \angle B_5 \quad , \quad \angle B_6\)
  4. មុំឆ្លាស់ក្នុង គឺគូ \(\displaystyle \angle A_2\) និង \(\displaystyle \angle B_8 \quad , \quad \angle A_1\) និង \(\displaystyle \angle B_7\)
  1. មុំឆ្លាស់ក្រៅ គឺគូ \(\displaystyle \angle A_3\) និង \(\displaystyle \angle B_5 \quad , \quad \angle A_4\) និង \(\displaystyle \angle B_6\)
  2. មុំត្រូវគ្នា គឺគូ \(\displaystyle \angle A_1\) និង \(\displaystyle \angle B_5 \quad , \quad \angle A_2\) និង \(\displaystyle \angle B_6 \quad ,\)

    \(\displaystyle \angle A_4\) និង \(\displaystyle \angle B_8 \quad , \quad \angle A_3\) និង \(\displaystyle \angle B_7\) ។

Tជាទូទៅ

បើបន្ទាត់ពីរស្របគ្នា ហើយកាត់ដោយខ្នាត់មួយ នោះគេបាន :

  1. មុំត្រូវគ្នាប៉ុនគ្នា ។
  2. មុំឆ្លាស់ក្នុងប៉ុនគ្នា ។
  3. មុំឆ្លាស់ក្រៅប៉ុនគ្នា ។
  4. មុំទល់កំពូលប៉ុនគ្នា ។
  5. ផលបូកមុំក្នុងរួមខាងមានរង្វាស់ \(\displaystyle 180^\circ\) ។
  6. ផលបូកមុំក្រៅរួមខាងមានរង្វាស់ \(\displaystyle 180^\circ\) ។

២ឧទាហរណ៍ ២

ក្នុងរូបខាងស្តាំនេះបញ្ជាក់ថា តើគូ បន្ទាត់ណាខ្លះស្របគ្នា ? ហើយមុំ \(\displaystyle \angle x \quad , \quad \angle y \quad , \quad \angle z\) និង \(\displaystyle \angle u\) ណាខ្លះប៉ុនគ្នា ?

បន្ទាត់ \(\displaystyle a \parallel d\) និង \(\displaystyle c \parallel b\)

មុំ \(\displaystyle \angle x = \angle u\) មុំត្រូវគ្នានិង \(\displaystyle \angle y = \angle z\) មុំត្រូវគ្នា ។

១លំហាត់គំរូ ១

ក្នុងរូបខាងស្តាំនេះ គេមានបន្ទាត់ \(\displaystyle a \parallel b\) កាត់ដោយខ្នាត់ \(\displaystyle m\) ។

គណនារង្វាស់មុំ \(\displaystyle \angle 1\) និង \(\displaystyle \angle 4\) ។

ចម្លើយ

មុំ \(\displaystyle \angle 5\) និងមុំ \(\displaystyle \angle 1\) ជាមុំត្រូវគ្នា នោះគេបាន \(\displaystyle \angle 5 = \angle 1\) តែមុំ \(\displaystyle \angle 5\) មានរង្វាស់ \(\displaystyle 120^\circ\) នោះមុំ \(\displaystyle \angle 1\) រង្វាស់ \(\displaystyle 120^\circ\) ។ ដូចនេះ មុំ \(\displaystyle \angle 1\) រង្វាស់ \(\displaystyle 120^\circ\) \(\displaystyle \angle 1 + \angle 4 = 180^\circ\) \(\displaystyle 120^\circ + \angle 4 = 180^\circ\) \(\displaystyle \angle 4 = 180^\circ - 120^\circ = 60^\circ\) ដូចនេះ មុំ \(\displaystyle \angle 4\) រង្វាស់ \(\displaystyle 60^\circ\) ។

២លំហាត់គំរូ ២

ក្នុងរូបខាងស្តាំនេះ គេមានបន្ទាត់ \(\displaystyle a \parallel b\) កាត់ដោយខ្នាត់ \(\displaystyle t\) ។

គណនារង្វាស់មុំនីមួយៗនៃមុំទាំង 8 ដែលផ្តុំឡើងដោយបន្ទាត់ \(\displaystyle a \parallel b\) កាត់ដោយខ្នាត់ \(\displaystyle t\) ។

ចម្លើយ

\(\displaystyle \angle E_7\) និង \(\displaystyle \angle F_1\) ជាមុំឆ្លាស់ក្រៅ នោះ គេបាន \(\displaystyle 7x = 2x + 75\) \(\displaystyle 5x = 75\) \(\displaystyle x = 15\)

ដូចនេះ \(\displaystyle \angle E_1 = \angle F_1 = 7x = 2x + 75 = 105^\circ\) ។

\(\displaystyle \angle E_1 = \angle F_5 = 105^\circ\) មុំត្រូវគ្នា \(\displaystyle \angle E_3 = \angle F_5 = 105^\circ\) មុំឆ្លាស់ក្នុង គេមាន \(\displaystyle \angle E_1 + \angle E_2 = 180^\circ\) មុំជាប់បន្ថែម នោះ \(\displaystyle 105^\circ + \angle E_2 = 180^\circ\) \(\displaystyle \angle E_2 = 180^\circ - 150^\circ = 75^\circ\)

ដូចនេះ \(\displaystyle \angle E_2 = \angle F_6 = 75^\circ\) មុំត្រូវគ្នា ។ \(\displaystyle \angle E_4 = \angle F_6 = 75^\circ\) មុំឆ្លាស់ក្នុង \(\displaystyle \angle E_2 = \angle F_8 = 75^\circ\) មុំឆ្លាស់ក្រៅ ។

✎ប្រតិបត្តិ

ក្នុងរូបខាងក្រោមនេះ គេមានបន្ទាត់ \(\displaystyle a \parallel b\) ។ គណនារង្វាស់មុំ \(\displaystyle \angle x \quad , \quad \angle y\) ។

8. មុំមានជ្រុងត្រួតស្របរៀងគ្នា

បើ \(\displaystyle Ox \parallel O'x'\) និង \(\displaystyle Oy \parallel O'y'\) នោះមុំ \(\displaystyle \angle xOy\) និង \(\displaystyle \angle x'O'y'\) ហៅថាមុំមានជ្រុងត្រួតស្របរៀងគ្នា ។

•លំហាត់គំរូ

ក្នុងករណីនីមួយៗនៃរូបខាងលើបង្ហាញថា \(\displaystyle \angle xOy = \angle x'O'y'\) ឬ \(\displaystyle \angle xOy + \angle x'O'y' = 180^\circ\) ។

ចម្លើយ

រូប \(\displaystyle (a)\)

បន្លាយជ្រុង \(\displaystyle Ox\) កាត់ \(\displaystyle O'y'\) ត្រង់ \(\displaystyle A\) ។ គេបាន \(\displaystyle \angle xOy = \angle xAy'\) មុំត្រូវគ្នា ។ \(\displaystyle \angle x'O'y' = \angle xAy'\) មុំត្រូវគ្នា ។ ដូចនេះ \(\displaystyle \angle xOy = \angle x'O'y'\) ។

រូប \(\displaystyle (b)\)

ភ្ជាប់ \(\displaystyle OO'\) គេបាន \(\displaystyle \angle O'Oy = \angle OO'y'\) មុំឆ្លាស់ក្នុង ។ \(\displaystyle \angle O'Ox = \angle OO'x'\) មុំឆ្លាស់ក្នុង ។ នោះ \(\displaystyle \angle O'Oy - \angle O'Ox = \angle OO'y' - \angle OO'x'\) \(\displaystyle \implies \angle xOy = \angle x'O'y'\) ។

រូប \(\displaystyle (c)\)

បន្លាយជ្រុង \(\displaystyle Ox\) កាត់ \(\displaystyle O'y'\) ត្រង់ \(\displaystyle A\) ។ គេបាន \(\displaystyle \angle xOy = \angle xAO'\) មុំត្រូវគ្នា ។ \(\displaystyle \angle x'O'y' + \angle xAO' = 180^\circ\) ផលបូកមុំក្នុងរួមខាង ។ ដូចនេះ \(\displaystyle \angle xOy + \angle x'O'y' = 180^\circ\) ។

Tជាទូទៅ

មុំពីរដែលមានជ្រុងស្របរៀងគ្នា :

  • ជាមុំប៉ុនគ្នា កាលណាវាស្រួចទាំងពីរ ឬទាលទាំងពីរ ។
  • ជាមុំបន្ថែមគ្នា កាលណាមុំមួយស្រួច មួយទាល ។

9. មុំមានជ្រុងត្រួតកែងរៀងគ្នា

បើ \(\displaystyle Ox \perp O'x'\) និង \(\displaystyle Oy \perp O'y'\) នោះមុំ \(\displaystyle \angle xOy\) និង \(\displaystyle \angle x'O'y'\) ហៅថាមុំមានជ្រុងត្រួតកែងរៀងគ្នា ។

•ឧទាហរណ៍

ក្នុងករណីនីមួយៗនៃរូបខាងលើបង្ហាញថា \(\displaystyle \angle xOy = \angle x'O'y'\) ឬ \(\displaystyle \angle xOy + \angle x'O'y' = 180^\circ\) ។

រូប \(\displaystyle (a)\)

តាម \(\displaystyle O\) គូស \(\displaystyle Ot \parallel O'x'\) រួច \(\displaystyle oy\) កាត់ \(\displaystyle ox\) ត្រង់ចំណុច \(\displaystyle A\) គេបាន \(\displaystyle \angle yOt = \angle O'Ay\) មុំត្រូវគ្នា ហើយ \(\displaystyle \angle xOy = 90^\circ - \angle tOy\) \(\displaystyle \angle x'O'y' = 90^\circ - \angle O'Ay\) ដូចនេះ \(\displaystyle \angle xOy = \angle x'O'y'\) ។

រូប \(\displaystyle (b)\)

តាម \(\displaystyle O\) គូស \(\displaystyle Ot \parallel O'y'\) នោះគេបាន \(\displaystyle Ot \perp Oy\) រួច \(\displaystyle ot\) កាត់ \(\displaystyle o'x'\) ត្រង់ចំណុច \(\displaystyle A\) គេបាន \(\displaystyle \angle OAx' = \angle x'O'y'\) មុំត្រូវគ្នា ហើយ \(\displaystyle \angle xOy = 90^\circ - \angle xOA\) \(\displaystyle \angle x'O'y' = 90^\circ - \angle xOA\) ដូចនេះ \(\displaystyle \angle xOy = \angle x'O'y'\) ។

រូប \(\displaystyle (c)\)

បន្លាយ \(\displaystyle Ox\) និង \(\displaystyle O'y'\) កាត់គ្នាត្រង់ \(\displaystyle A\) គេបាន \(\displaystyle \angle AOy = \angle x'O'y'\) មុំមានជ្រុងត្រួតកែងរៀងគ្នា \(\displaystyle \angle AOy + \angle xOy = 180^\circ\) ( មុំជាប់បន្ថែម ) ដូចនេះ \(\displaystyle \angle xOy + \angle x'O'y' = 180^\circ\) ។

Tជាទូទៅ

មុំពីរដែលមានជ្រុងត្រួតកែងរៀងគ្នា :

  • ជាមុំប៉ុនគ្នា កាលណាវាស្រួចទាំងពីរ ឬ ទាលទាំងពីរ ។
  • ជាមុំបន្ថែមគ្នា កាលណាមុំមួយស្រួច មួយទាល ។
•លំហាត់គំរូ

គេមានត្រីកោណ \(\displaystyle ABC\) ដែលមុំទាំងបីជាមុំស្រួច ហើយ \(\displaystyle H\) ជាអរតូសង់ ។ បង្ហាញថា \(\displaystyle \angle BAC + \angle BHC = 180^\circ\) ។

ចម្លើយ

គេមាន \(\displaystyle AB \perp CH\) \(\displaystyle AC \perp BH\) នោះមុំ \(\displaystyle \angle BAC\) និង \(\displaystyle \angle BHC\) មុំមានជ្រុងត្រួតកែងរៀងគ្នា ។

ដោយមុំ \(\displaystyle \angle BAC\) ជាមុំស្រួច ហើយ \(\displaystyle \angle BHC\) ជាមុំទាល ។ ដូចនេះ \(\displaystyle \angle BAC + \angle BHC = 180^\circ\) ។

✎ប្រតិបត្តិ

គេមានត្រីកោណ \(\displaystyle ABC\) ដែលមុំ \(\displaystyle B\) ជាមុំទាល ហើយ \(\displaystyle H\) ជាអរតូសង់ ។ ប្រៀបធៀបមុំ \(\displaystyle \angle BAC\) និង \(\displaystyle \angle BHC\) ។

លំហាត់

  1. ដោយប្រើរូបខាងស្តាំ

    1. ក. រកបន្ទាត់ពីរស្របគ្នា អង្កត់ពីរស្របគ្នា កន្លះបន្ទាត់ពីរស្របគ្នា
    2. ខ. តើមានបន្ទាត់កាត់តាមចំណុច \(\displaystyle E\) ស្រប \(\displaystyle t\) ឬទេ ?
    3. គ. តើមានបន្ទាត់កាត់តាមចំណុច \(\displaystyle B\) ប៉ុន្មានស្របនឹងបន្ទាត់ \(\displaystyle t\) ?
    4. ឃ.

      តើបន្ទាត់ \(\displaystyle m\) អាចស្របបន្ទាត់ \(\displaystyle n\) ឬទេ ?

    5. ក្នុងរូបខាងស្តាំនេះ គេមានបន្ទាត់ \(\displaystyle l \parallel m\) ។ ចូរសរសេរឈ្មោះគូមុំនីមួយៗនៃ :

      1. ក. មុំឆ្លាស់ក្នុង
      2. ខ. មុំត្រូវគ្នា
      3. គ. មុំឆ្លាស់ក្រៅ
      4. ឃ. មុំក្នុងរួមខាង
      5. ង.

        មុំទល់កំពូល ។

      6. គេមានបន្ទាត់ \(\displaystyle a \parallel b\) ។ បង្ហាញថា \(\displaystyle \angle 1 + \angle 2 + \angle 3 = \angle 4 + \angle 2 + \angle 5\) រួចគណនាផលបូកមុំ \(\displaystyle \angle 4 \; , \; \angle 2 \; , \; \angle 5\) ។

      7. ក្នុងរូបខាងស្តាំនេះ គេមានបន្ទាត់ \(\displaystyle a \parallel b\) ។ គណនារង្វាស់មុំ \(\displaystyle \angle x\) ។

      8. ក្នុងរូបខាងស្តាំនេះ គេមាន \(\displaystyle \angle 1 + \angle 2 = 180^\circ\) ។ បង្ហាញថា បន្ទាត់ \(\displaystyle a \parallel b\) ( ណែនាំប្រើ : \(\displaystyle \angle 2 + \angle 3 = 180^\circ\) ) ។

      9. គេមានត្រីកោណ \(\displaystyle ABC\) តាម \(\displaystyle B\) គេគូសកន្លះបន្ទាត់ \(\displaystyle By \parallel AC\) និងបើកនៅតែកម្ខាង \(\displaystyle AB\) ។

        1. ក. បង្ហាញថា \(\displaystyle \angle A = \angle ABy\) ។
        2. ខ. បង្ហាញថា \(\displaystyle \angle C = \angle xBy\) ដែល \(\displaystyle Bx\) ជាបន្លាយនៃ \(\displaystyle BC\) ។ ទាញរកផលបូកមុំក្នុងនៃត្រីកោណ \(\displaystyle ABC\) ។

        ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី៧ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។