1. ទំព័រដើម
  2. ថ្នាក់ទី ៧
  3. មេរៀន
  4. មេរៀនទី ១៨
១៨
មេរៀនទី ១៨ · គណិតវិទ្យាថ្នាក់ទី ៧

មាឌនិងផ្ទៃក្រឡាខាងនៃសូលីត

ឧទាហរណ៍ ១៦ប្រតិបត្តិ ៥
✓វត្ថុបំណង
  • កំណត់សញ្ញាណទូទៅនៃសូលីត
  • បង្ហាញសូលីតដែលមានរាងធរណីមាត្រងាយខ្លះនិងប្រាប់ប្រភេទព្រមទាំងធាតុរបស់វា
  • កំណត់សញ្ញាណផ្ទៃក្រឡាខាងនៃសូលីត
  • គណនាមាឌនៃសូលីតតាមរូបមន្តមាឌ ។

1. សូលីត

១ឧទាហរណ៍ ១

ធុងសាំង គ្រាប់ឡុកឡាក់ ប្រអប់ដីស ... ឱ្យសញ្ញាណនៃសូលីត ។

២ឧទាហរណ៍ ២

នេះជាឧទាហរណ៍ខ្លះៗនៃសូលីត ។

2. មាឌសូលីត

2.1 មាឌប្រលេពីប៉ែតកែង

•ឧទាហរណ៍

គេមានប្រលេពីប៉ែតកែងមួយដែលមានបណ្ដោយ \(\displaystyle 7cm\) ទទឹង \(\displaystyle 4cm\) និងកម្ពស់ \(\displaystyle 6cm\) ។ ផ្ទៃបាតមាន \(\displaystyle 7cm \times 4cm = 28cm^2\) ។

គេអាចបែងចែកបាតនៃប្រលេពីប៉ែតជា 28 ការ៉េដែលមានប្រវែងជ្រុង \(\displaystyle 1cm\) ។ ដោយដាក់គូប ដែលមានទ្រនុង \(\displaystyle 1cm\) លើការ៉េនីមួយៗ នោះគេបានស្រទាប់មួយដែលមានកម្ពស់ \(\displaystyle 1cm\) ដែលមានចំនួនគូបសរុប 28 ។

ប្រលេពីប៉ែតកែងមាន \(\displaystyle 28 \times 6 = 168\) គូបដែលមានទ្រនុង \(\displaystyle 1cm\) ។

ដូចនេះមាឌនៃប្រលេពីប៉ែតកែងគឺ \(\displaystyle 7cm \times 4cm \times 6cm = 168cm^3\) ដែលជាផលគុណនៃរង្វាស់វិមាត្រទាំងបី ។

ជាទូទៅ   បើ \(\displaystyle a, b, h\) ជារង្វាស់វិមាត្រទាំងបី ហើយ \(\displaystyle B\) ជាផ្ទៃក្រឡាបាត និង \(\displaystyle V\) ជាមាឌនៃប្រលេពីប៉ែតកែងនោះគេបាន ។

រូបមន្ត   \(\displaystyle V = a \times b \times h\) ឬ \(\displaystyle V = B \times h\) ។
១លំហាត់គំរូ ១

រកមាឌនៃហិបឈើមួយដែលមានវិមាត្រ \(\displaystyle 45dm\) , \(\displaystyle 24dm\) , \(\displaystyle 12dm\) ។

ចម្លើយ

មាឌនៃហិបឈើ \(\displaystyle V = 45dm \times 24dm \times 12dm = 12960dm^3\)

ដូចនេះ មាឌនៃហិបឈើគឺ \(\displaystyle V = 12960dm^3\) ។

២លំហាត់គំរូ ២

ប្រលេពីប៉ែតកែងមួយមានមាឌ \(\displaystyle 83880dm^3\) និងកម្ពស់ \(\displaystyle 3.60m\) ។ រកផ្ទៃក្រឡាបាតនៃប្រលេពីប៉ែតកែង ។

ចម្លើយ

ផ្ទៃក្រឡាបាត \(\displaystyle B = \frac{V}{h}\) ដោយ \(\displaystyle V = 83880dm^3\) , \(\displaystyle h = 3.60m = 36dm\)

ដូចនេះ \(\displaystyle B = \frac{83880dm^3}{36dm} = 2330dm^2\) ។

✎ប្រតិបត្តិ

ប្រលេពីប៉ែតកែងមួយមានមាឌ \(\displaystyle 100352dm^3\) និងផ្ទៃក្រឡាបាត \(\displaystyle 35840cm^2\) ។ រកកម្ពស់ប្រលេពីប៉ែតកែងគិតជាម៉ែត្រ ។

2.2 មាឌគូប

•ឧទាហរណ៍

គូបគឺជាប្រលេពីប៉ែតកែងដែលវិមាត្រទាំងបីមានប្រវែងស្មើៗគ្នា ។

ជាទូទៅ   បើ \(\displaystyle V\) ជាមាឌ ហើយ \(\displaystyle a\) ជាទ្រនុងនៃគូប នោះគេបាន

រូបមន្ត   \(\displaystyle V = a \times a \times a = a^3\) ។
ជាទូទៅ   មាឌនៃគូបស្មើនឹងស្វ័យគុណបីនៃទ្រនុងរបស់វា \(\displaystyle V = a^3\)
ប្រវែងទ្រនុងគូបស្មើនឹងឫសគូបនៃមាឌរបស់វា \(\displaystyle a = \sqrt[3]{V}\) ។
!សម្គាល់

ឯកតានៃមាឌគឺ (\(\displaystyle m^3\)) ។ ម៉ែត្រគូបជាគូបមួយដែលមានទ្រនុងប្រវែងស្មើនឹង \(\displaystyle 1m\) ។

•ឧទាហរណ៍

\(\displaystyle 1dm^3 = 0.001m^3\) , \(\displaystyle 1m^3 = 1000dm^3 = 1~000~000cm^3\)

•លំហាត់គំរូ

គូបមួយមានវិមាត្រ \(\displaystyle 2.5dam\) ។ រកមាឌនៃគូបនេះ ។

ចម្លើយ

មាឌគូប \(\displaystyle V = 2.5 \times 2.5 \times 2.5 = 15.625dam^3\)

ដូចនេះ \(\displaystyle V = 15.625dam^3\) ។

✎ប្រតិបត្តិ

បូណា និងចន្ថាបានយកសាប៊ូដែលមានរាងគូបមកគៀបបញ្ចូលគ្នានៅលើផ្ទៃរាប ទៅតាម វិមាត្រនីមួយៗនៃឡាំងឈើដែលអាចដាក់បានសាប៊ូ 6 ដុំ ។

  • ក. តើឡាំងឈើនោះមានរាងអ្វី ?
  • ខ. រកមាឌឡាំងឈើដោយយកដុំសាប៊ូជាឯកតាមាឌ ។

2.3 មាឌស៊ីឡាំង

១ឧទាហរណ៍ ១

គេមានព្រីសត្រង់ដែលមានបាតជាពហុកោណនិយ័តចារឹក ក្នុងរង្វង់បាតនៃស៊ីឡាំង ។ ទ្រនុងនៃព្រីសជាជនេត្រនៃស៊ីឡាំង ហើយកម្ពស់ព្រីសជាកម្ពស់នៃស៊ីឡាំង ។ បើគេបង្កើនចំនួនជ្រុងនៃបាតព្រីសឱ្យកាន់តែច្រើន នោះផ្ទៃបាតនៃព្រីសខិតទៅរកផ្ទៃបាតនៃស៊ីឡាំង ហើយព្រីសខិតទៅរកស៊ីឡាំងដែរ ។

គេសន្មតថា : មាឌរបស់ស៊ីឡាំងស្មើនឹងផ្ទៃក្រឡាបាតគុណនឹងកម្ពស់ ។

បើ \(\displaystyle h\) ជាកម្ពស់ ហើយ \(\displaystyle S\) ជាផ្ទៃក្រឡាបាត និង \(\displaystyle V\) ជាមាឌនៃស៊ីឡាំង នោះគេបាន \(\displaystyle V = Sh\) តែ \(\displaystyle S = \pi R^2\) ។

នាំឱ្យគេបាន

រូបមន្តមាឌស៊ីឡាំង   \(\displaystyle V = \pi R^2h\) ។
១លំហាត់គំរូ ១

ដែកមួយកំណាត់មានរាងស៊ីឡាំងត្រង់ មានប្រវែង \(\displaystyle 8m\) ។ អង្កត់ផ្ចិតនៃមុខកាត់ ស្មើនឹង \(\displaystyle 30mm\) ។ គណនាមាឌដែកគិតជា \(\displaystyle dm^3\) ។ (\(\displaystyle \pi = 3.14\))

ចម្លើយ

ផ្ទៃក្រឡាបាត : \(\displaystyle S_B = \pi R^2 = 3.14 \times \left(\frac{30}{2}\right)^2 = 706.5mm^2\) ។

មាឌដែក \(\displaystyle V = S \times h\)

ដោយ \(\displaystyle 8m = 8000mm\)

គេបាន \(\displaystyle V = 706.5 \times 8000 = 5652000mm^3\) ហើយ

\(\displaystyle 5652000mm^3 = 5.652dm^3\)

ដូចនេះ \(\displaystyle V = 5.652dm^3\) ។

២លំហាត់គំរូ ២

រកមាឌនៃប្រអប់សំបុត្រតាមរូបខាងក្រោម ។ (\(\displaystyle \pi = \frac{22}{7}\))

ចម្លើយ

មាឌប្រអប់សំបុត្រ \(\displaystyle V = V_1 + V_2\) ដែល \(\displaystyle V_1\) ជាមាឌប្រអប់ក្រោមរាងប្រលេពីប៉ែត និង \(\displaystyle V_2\) ជាមាឌគម្របប្រអប់ ។

\(\displaystyle V_1 = 4 \times 6 \times 12 = 288cm^3\)

\(\displaystyle V_2 = \frac{1}{2}\left[\frac{22}{7} \times \left(\frac{4}{2}\right)^2 \times 12\right] = 75.428cm^3\)

\(\displaystyle V = 288cm^3 + 75.428cm^3 = 363.428cm^3\)

ដូចនេះ \(\displaystyle V = 363.428cm^3\) ។

✎ប្រតិបត្តិ

សុខាធ្វើបំពង់មួយដោយយកក្រដាសកាតុងមានរាងចតុកោណកែង ដែលមានបណ្ដោយ \(\displaystyle 96.2dm\) និងទទឹង \(\displaystyle 64.8dm\) ហើយបិទមុខវាឱ្យជាប់គ្នា \(\displaystyle 2dm\) ។ តើសុខាត្រូវមូរតាមបណ្ដោយ ឬតាមទទឹងដើម្បីឱ្យបានមាឌបំពង់ធំបំផុត ?

3. ផ្ទៃក្រឡាខាងនៃសូលីត

3.1 ផ្ទៃក្រឡាខាងនៃប្រលេពីប៉ែតកែងនិងគូប

•ឧទាហរណ៍

គេមានប្រលេពីប៉ែតកែងដែលមានទ្រនុង \(\displaystyle a, b, c\) ធ្វើពី ក្រដាស ។ បើគេកាត់ប្រលេពីប៉ែតកែងតាមទ្រនុង និងតាមជុំវិញបាតទាំងពីរ រួចតពង្រាយវាទៅលើប្លង់មួយ នោះគេបានផ្ទៃមួយផ្ទាំងដោយបាត ទាំងពីរនៃប្រលេពីប៉ែតកែង និងផ្នែកមួយទៀតមាន រាងចតុកោណកែងមួយដែលមាន :

  • បណ្ដោយស្មើនឹងបរិមាត្រនៃបាត : \(\displaystyle p\)
  • ទទឹងស្មើនឹងកម្ពស់ : \(\displaystyle h\)

ដូចនេះ

\(\displaystyle S_L = p \times h = 2(a + b) \times h\)
\(\displaystyle S_T = 2S_B + S_L\)

(\(\displaystyle S_L\) ក្រឡាផ្ទៃខាង \(\displaystyle S_T\) ក្រឡាផ្ទៃទាំងអស់ )

!សម្គាល់

- បើព្រីសត្រង់មានបាតជាចតុកោណកែង នោះគេហៅថា ប្រលេពីប៉ែតកែង ។ - បើមុខទាំង 6 នៃប្រលេពីប៉ែតកែងជាការេប៉ុនគ្នា នោះគេហៅថា គូប ។

គេបាន

\(\displaystyle S_L = p \times h = 4a \times a = 4a^2\)
\(\displaystyle S_T = 4a^2 + 2a^2 = 6a^2\) ។
•លំហាត់គំរូ

គណនាផ្ទៃក្រឡាខាងទាំងអស់នៃដុំសាប៊ូតាមរូបខាងក្រោម

ចម្លើយ

ដោយដុំសាប៊ូមានរាងជាប្រលេពីប៉ែតកែងដែលមានបាតជាការេ ហើយមានជ្រុង \(\displaystyle a = 4cm\) និងកម្ពស់ \(\displaystyle h = 18cm\)

\(\displaystyle S_L = p \times h = 4 \times 4 \times 18 = 288cm^2\)

\(\displaystyle S_B = 4^2 = 16cm^2\)

\(\displaystyle S_T = S_L + 2S_B\)

\(\displaystyle S_T = 288cm^2 + 32cm^2 = 320cm^2\)

ដូចនេះ \(\displaystyle S_T = 320cm^2\) ។

✎ប្រតិបត្តិ

គណនាផ្ទៃក្រឡាខាងទាំងអស់នៃគូបដែលមានទ្រនុង \(\displaystyle 184mm\) ។

3.2 ផ្ទៃក្រឡាខាងនៃស៊ីឡាំង

•ឧទាហរណ៍

បើគេរុះពង្រាយតួដុងមួយមានរាងស៊ីឡាំង ( ដូចរូបខាងក្រោម ) មកដាក់នៅលើប្លង់មួយ នោះគេបានចតុកោណកែងមួយ និងរង្វង់ពីរដែលមាន :

  • បណ្ដោយជាបរិមាត្រនៃបាតពិត
  • ទទឹងរបស់វាជាកម្ពស់នៃស៊ីឡាំង

យើងបានរូបមន្ត :

ផ្ទៃក្រឡាខាងនៃស៊ីឡាំង = បរិមាត្ររង្វង់បាត \(\displaystyle \times\) កម្ពស់
ឬ \(\displaystyle S_L = p \times h = 2\pi Rh\)
ផ្ទៃក្រឡាទាំងអស់ = ផ្ទៃក្រឡាខាង + 2 ផ្ទៃក្រឡាបាត
ឬ \(\displaystyle S_T = 2\pi Rh + 2\pi R^2\) ។
១លំហាត់គំរូ ១

គណនាផ្ទៃក្រឡាខាងបំពង់ទឹក ដែល \(\displaystyle D = 0.8m\) , \(\displaystyle h = 17m\) ។ (\(\displaystyle \pi = \frac{22}{7}\))

ចម្លើយ

គណនាផ្ទៃក្រឡាខាងបំពង់ទឹក

ដោយ \(\displaystyle R = \frac{D}{2} = \frac{0.8}{2} = 0.4m\)

នាំឱ្យ \(\displaystyle S_L = 2\pi Rh = 2 \times \frac{22}{7} \times 0.4 \times 17 = 42.74m^2\)

ដូចនេះ \(\displaystyle S_L = 42.74m^2\) ។

២លំហាត់គំរូ ២

គណនាផ្ទៃក្រឡាទាំងអស់នៃធុងសាំងមួយមានរាងស៊ីឡាំង ដែលមាន \(\displaystyle h = 1.50m\) , \(\displaystyle R = 0.4m\) ។ (\(\displaystyle \pi = 3.14\))

ចម្លើយ

គណនាផ្ទៃក្រឡាខាង :

\(\displaystyle S_L = 2\pi Rh = 2 \times 3.14 \times 0.4 \times 1.50 = 3.768m^2\) ។

គណនាផ្ទៃក្រឡាបាត :

\(\displaystyle S_B = 2\pi R^2 = 2 \times 3.14 \times (0.4)^2 = 1.0048m^2\) ។

ផ្ទៃក្រឡាទាំងអស់ \(\displaystyle S_T = 3.768m^2 + 1.0048m^2 = 4.7728m^2\)

ដូចនេះ \(\displaystyle S_T = 4.7728m^2\) ។

✎ប្រតិបត្តិ

ស៊ីឡាំងមួយមានមាឌ \(\displaystyle 1550.25dm^3\) និងកម្ពស់ \(\displaystyle 12.5dm\) ។

  • ក. គណនាផ្ទៃក្រឡាបាត
  • ខ. គណនារង្វាស់កាំ ( \(\displaystyle \pi = \frac{22}{7}\) រួចមើលតារាងការេ )
  • គ. គណនាផ្ទៃក្រឡាទាំងអស់ ។

លំហាត់

  1. រកផ្ទៃក្រឡាទាំងអស់នៃព្រីសនីមួយៗខាងក្រោម :

  2. រកមាឌ និងផ្ទៃក្រឡាទាំងអស់នៃរូបនីមួយៗខាងក្រោម :

  3. លួសមួយចង្វាយមានប្រវែង \(\displaystyle 150m\) មានអង្កត់ផ្ចិត \(\displaystyle 0.6cm\) ។ រកម៉ាសនៃលួសនោះ (\(\displaystyle \pi = 3.14\) ហើយស្ពាន់មានម៉ាសមាឌ \(\displaystyle 8.9kg/dm^3\)) ។
  4. ពូថូចរៀបអុសឱ្យជគំនរមានរាងជាប្រលេពីប៉ែតកែងដែលមានវិមាត្រ \(\displaystyle 28m\) , \(\displaystyle 1m\) , \(\displaystyle 0.6m\) ។ រកមាឌគំនរអុសរបស់ពូថូច ។

  5. រថយន្តមួយមានធុងសាំងរាងស៊ីឡាំងដែលមានអង្កត់ផ្ចិត \(\displaystyle 68cm\) និងបណ្ដោយ \(\displaystyle 42cm\) ។ (\(\displaystyle \pi = \frac{22}{7}\))

    • ក. រកចំណុះធុងសាំងរថយន្ត ។
    • ខ. បើធុងសាំងនោះមានសាំងពេញ ។ រថយន្តធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដែលមានចម្ងាយផ្លូវ \(\displaystyle 294km\) ( តាមផ្លូវជាតិលេខ 64) ហើយស្អែកឡើងត្រលប់មកវិញ ។ តើគេត្រូវទិញសាំងថែមទៀតឬទេ ? ដោយដឹងថារថយន្តនោះស៊ីសាំង \(\displaystyle 8.7l\) ក្នុង \(\displaystyle 100km\) ។
  6. ផ្ទះមួយមានរាងប្រលេពីប៉ែតកែង ហើយមានដំបូល ជារាងព្រីសត្រង់បាតត្រីកោណ ( ដូចរូបខាងស្ដាំ )

    • ក. គណនាមាឌផ្ទះនោះ
    • ខ. បើផ្ទះនោះគេប្រក់ក្បឿង 25 សន្លឹកក្នុង \(\displaystyle 1m^2\) ហើយបែកអស់ 5% នៅពេលប្រក់ ។ តើគេត្រូវប្រើក្បឿងប៉ុន្មានសន្លឹក ?
    • គ. តើគេត្រូវចំណាយអស់ប្រាក់ប៉ុន្មាន បើក្បឿងមួយសន្លឹកថ្លៃ \(\displaystyle 438.50\) រៀល ?
    • ឃ. គេលាបជញ្ជាំងពីខាងក្នុង ពីខាងក្រៅនិងពិដានដែលដាក់ត្រឹមម្ពស់ជញ្ជាំង ។ ផ្ទៃក្រឡាទ្វារ និងបង្អួចស្មើនឹង \(\displaystyle \frac{1}{4}\) នៃផ្ទៃក្រឡាជញ្ជាំង ។ ថ្នាំលាប \(\displaystyle 350g\) អាចលាបបាន \(\displaystyle 1m^2\) ។ តើគេត្រូវ ចំណាយប្រាក់ប៉ុន្មានរៀលបើថ្នាំលាបមួយកំប៉ុងមានម៉ាស \(\displaystyle 5kg\) មានតម្លៃ 49600 ៛ ?

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី៧ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។