1. ទំព័រដើម
  2. ថ្នាក់ទី ៧
  3. មេរៀន
  4. មេរៀនទី ២២
២២
មេរៀនទី ២២ · គណិតវិទ្យាថ្នាក់ទី ៧

ក្រាបផ្លិត

ឧទាហរណ៍ ៣ប្រតិបត្តិ ១
✓វត្ថុបំណង
  • បង្កើតតារាងបំណែងចែកទិន្នន័យ
  • បកស្រាយទិន្នន័យតាមក្រាបផ្លិត ។

1. ក្រាបផ្លិត

១ឧទាហរណ៍ ១

ពូពាន់ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ។ ក្នុងកសិដ្ឋាននោះមាន មាន់ចំនួន 60 ក្បាល ទាចំនួន 40 ក្បាល និងក្ងានចំនួន 20 ក្បាល ។

ដើម្បីងាយស្រួលក្នុងការសង្កេតចំនួនសត្វតាមប្រភេទនីមួយៗធៀបនឹងចំនួនសត្វទាំងអស់ គេត្រូវតាងចំនួនសត្វទាំងអស់ដោយរង្វង់មួយ រួចគេរកផលធៀបរវាងចំនួនសត្វតាមប្រភេទនិងចំនួនសត្វទាំងអស់ ។

ចំនួនសត្វទាំងអស់មាន 60 ក្បាល + 40 ក្បាល + 20 ក្បាល = 120 ក្បាល ។

  • ចំនួនមាន់មាន \(\displaystyle \frac{60}{120} = \frac{1}{2}\) នៃចំនួនសត្វទាំងអស់ មានន័យថា 1 ភាគ 2 នៃថាស ។
    \(\displaystyle \frac{1}{2}\) នៃថាស បើគិតជាមុំត្រូវនឹង \(\displaystyle \frac{1}{2} \times 360^\circ = 180^\circ\) ។

  • ចំនួនទាមាន \(\displaystyle \frac{40}{120} = \frac{1}{3}\) នៃចំនួនសត្វទាំងអស់ មានន័យថា 1 ភាគ 3 នៃថាស ។
    \(\displaystyle \frac{1}{3}\) នៃថាស បើគិតជាមុំត្រូវនឹង \(\displaystyle \frac{1}{3} \times 360^\circ = 120^\circ\) ។

  • ចំនួនក្ងានមាន \(\displaystyle \frac{20}{120} = \frac{1}{6}\) នៃចំនួនសត្វទាំងអស់ មានន័យថា 1 ភាគ 6 នៃថាស ។
    \(\displaystyle \frac{1}{6}\) នៃថាស បើគិតជាមុំត្រូវនឹង \(\displaystyle \frac{1}{6} \times 360^\circ = 60^\circ\) ។

គេបានតារាងបំណែងចែកទិន្នន័យ

សត្វចំនួនសត្វមុំចម្រៀកថាស
មាន់60\(\displaystyle 180^\circ\)
ទា40\(\displaystyle 120^\circ\)
ក្ងាន20\(\displaystyle 60^\circ\)

ចំនួនសត្វតាមផ្នែកនីមួយៗដែលគេបានតាងនោះមានរាងជាផ្លិត ទើបគេហៅថា ក្រាបផ្លិត ។

២ឧទាហរណ៍ ២

គេបានធ្វើការកត់ត្រា ការលក់សាំង ( គិតជាពាន់លីត្រ ) ក្នុងស្ថានីយលក់សាំងចំនួន 4 កន្លែងដែលគេតាងដោយ \(\displaystyle A, B, C\) និង \(\displaystyle D\) នៅសប្ដាហ៍ទីមួយនៃខែមករា ។

ស្ថានីយសាំង\(\displaystyle A\)\(\displaystyle B\)\(\displaystyle C\)\(\displaystyle D\)
សាំង ( ពាន់លីត្រ )901403020

យើងចង់បង្ហាញទិន្នន័យខាងលើជាក្រាបផ្លិត ។

ដំបូងយើងត្រូវរកចំនួនសាំងសរុបទាំង 4 ស្ថានីយ គេបាន 90 ពាន់លីត្រ + 140 ពាន់លីត្រ + 30 ពាន់លីត្រ + 20 ពាន់លីត្រ = 280 ពាន់លីត្រ

ចំនួនសរុបទាំងអស់នេះនឹងត្រូវយកមកតាងជារង្វង់ ឬថាសមួយ ហេតុនេះ 280 ពាន់លីត្រត្រូវនឹងមុំផ្ចិតរង្វង់ \(\displaystyle 360^\circ\) គេបាន :

  • 90 ពាន់លីត្រ ត្រូវនឹងមុំ \(\displaystyle \frac{360^\circ}{280} \times 90 = 115.7^\circ\)
  • 140 ពាន់លីត្រ ត្រូវនឹងមុំ \(\displaystyle \frac{360^\circ}{280} \times 140 = 180^\circ\)
  • 30 ពាន់លីត្រ ត្រូវនឹងមុំ \(\displaystyle \frac{360^\circ}{280} \times 30 = 38.6^\circ\)
  • 20 ពាន់លីត្រ ត្រូវនឹងមុំ \(\displaystyle \frac{360^\circ}{280} \times 20 = 25.7^\circ\) ។

គេបានតារាងបំណែងចែកទិន្នន័យ

ស្ថានីយសាំងចំនួនសាំង ( ពាន់លីត្រ )មុំចម្រៀកថាស
\(\displaystyle A\)90\(\displaystyle 115.7^\circ\)
\(\displaystyle B\)140\(\displaystyle 180^\circ\)
\(\displaystyle C\)30\(\displaystyle 38.6^\circ\)
\(\displaystyle D\)20\(\displaystyle 25.7^\circ\)

តាមរង្វាស់មុំខាងលើ គេអាចសង់ក្រាបផ្លិតបានដោយប្រើរ៉ាបទ័រ ។

•លំហាត់គំរូ

ខាងស្ដាំនេះជាតារាងទិន្នន័យនៃមធ្យោបាយធ្វើដំណើររបស់សិស្សទៅសាលាវិទ្យាល័យមួយ ។ ចូរតាងទិន្នន័យខាងលើជាក្រាបផ្លិត ។

មធ្យោបាយធ្វើដំណើរអត្រាភាគរយ
ឡាន10
ម៉ូតូ75
កង់15
ចម្លើយ

តាងអត្រា 100 % ដោយរូបថាសទាំងមូល ឬរង្វង់ ។ គេដឹងថា 100 % ត្រូវនឹងមុំផ្ចិត \(\displaystyle 360^\circ\)

  • ឡាន 10 % នៃថាសត្រូវនឹង \(\displaystyle \frac{360^\circ}{100} \times 10 = 36^\circ\)
  • ម៉ូតូ 75 % នៃថាសត្រូវនឹង \(\displaystyle \frac{360^\circ}{100} \times 75 = 270^\circ\)
  • កង់ 15 % នៃថាសត្រូវនឹង \(\displaystyle \frac{360^\circ}{100} \times 15 = 54^\circ\) ។

រូបតាងក្រាបផ្លិត

✎ប្រតិបត្តិ

ក្នុងកសិដ្ឋានមួយមានចិញ្ចឹមសត្វទាំងអស់ចំនួន 75 ក្បាល ក្នុងនោះមានគោ 15 ក្បាល ជ្រូក 28 ក្បាល ក្របី 10 ក្បាល និងទា 22 ក្បាល ។

  • ក. បង្កើតតារាងបំណែងចែកទិន្នន័យ
  • ខ. សង់ក្រាបផ្លិតតាងទិន្នន័យខាងលើ ។

លំហាត់

  1. លទ្ធផលនៃការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំក្នុងទីក្រុងមួយបង្ហាញតាមតារាងខាងស្ដាំនេះ ។ ចូរតាងព័ត៌មានខាងលើដោយក្រាបផ្លិត ។

    ឈ្មោះបេក្ខជនចំនួនសន្លឹកឆ្នោត
    \(\displaystyle A\)2045
    \(\displaystyle B\)4238
    \(\displaystyle C\)8605
    \(\displaystyle D\)12012
  2. ក្រាបផ្លិតខាងស្ដាំបង្ហាញពីដំណាំសំខាន់ៗ ដែលតំបន់មួយបានដាំលើដីចំនួន 450 ហិចតា ។

    • ក. រកភាគរយនៃដីដំណាំនីមួយៗ
    • ខ. រកផ្ទៃក្រឡាដីដំណាំនីមួយៗ ។
  3. គេបែងចែកអ្នកដែលទទួលបានប្រាក់ចំណូលប្រចាំថ្ងៃជា 4 ប្រភេទតាងដោយ \(\displaystyle A, B, C\) និង \(\displaystyle D\) ។ ក្រាបផ្លិតខាងស្ដាំបង្ហាញពីចំនួនមនុស្សដែលទទួលបានប្រាក់ចំណូលផ្សេងៗគ្នា

    • ក. គណនាមុំនៃផ្នែក \(\displaystyle C\)
    • ខ. ចូរគិតផ្នែកនីមួយៗជាភាគរយ ។
  4. គេធ្វើសម្ភាសន៍សិស្សចំនួន 30 នាក់ក្នុងថ្នាក់រៀនមួយពីចំណូលចិត្តផ្លែឈើ ហើយទទួលបានលទ្ធផលដូចក្នុងតារាងខាងក្រោម :

    ឈ្មោះផ្លែឈើក្រូចចេកស្វាយមៀន
    ចំនួនសិស្ស86124
    • ក. តាងទិន្នន័យជាក្រាបផ្លិត
    • ខ. តាងទិន្នន័យជាក្រាបសសរ ។
  5. ក្រាបផ្លិតខាងស្ដាំប្រាប់ពីប្រភេទសិស្សក្នុងថ្នាក់រៀនមួយ ។

    • ក. រកមុំចម្រៀកថាសតាងសិស្សមធ្យម
    • ខ. រកភាគរយនៃប្រភេទសិស្សនីមួយៗ
  6. ក្នុងកសិដ្ឋានមួយគេចិញ្ចឹមសត្វ 120 ក្បាល ដែលក្នុងនោះមានសត្វជ្រូក 35 ក្បាល សត្វគោ 20 ក្បាល សត្វមាន់ 53 ក្បាល និងសត្វទា 12 ក្បាល ។

    • ក. តាងទិន្នន័យជាក្រាបផ្លិត
    • ខ. តាងទិន្នន័យជាក្រាបសសរ
    • គ. តើក្នុងកសិដ្ឋាននេះចិញ្ចឹមសត្វជ្រូកលើសសត្វគោប៉ុន្មានភាគរយ ?

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី៧ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។