1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀន
  4. ជំពូកទី ១ · មេរៀនទី ២
២
ជំពូកទី ១ : ស្វ៊ីតនិងអនុមានរួមគណិតវិទ្យា · មេរៀនទី ២

ស្វ៊ីតនព្វន្ត

ឧទាហរណ៍ ៧ប្រតិបត្តិ ២
✓វត្ថុបំណង
  1. កំណត់និយមន័យនិងផលសងរួមនៃស្វ៊ីតនព្វន្ត
  2. កំណត់តួទី \(\displaystyle n\) នៃស្វ៊ីតនព្វន្ត
  3. ផលបូកតួស្មើចម្ងាយពីតួចុង
  4. គណនាផលបូកតួនៃស្វ៊ីតនព្វន្ត ។

1. និយមន័យស្វ៊ីតនព្វន្ត

ឧទាហរណ៍ : គេមានស្វ៊ីត \(\displaystyle 1, 2, 3, 4, 5, \dots\) ។

\[\begin{aligned} a_1 &= 1 \\ a_2 &= 2 = 1 + 1 = a_1 + 1 \\ a_3 &= 3 = 2 + 1 = a_2 + 1 \\ a_4 &= 4 = 3 + 1 = a_3 + 1 \\ a_5 &= 5 = 4 + 1 = a_4 + 1 \\ a_{n+1} &= a_n + 1 \end{aligned}\]

គេសង្កេតឃើញថា តួនីមួយៗនៃស្វ៊ីត (ក្រៅពីតួទី \(\displaystyle 1\)) ស្មើនឹងតួមុនបន្ទាប់បូកនឹងចំនួនថេរ \(\displaystyle 1\) ។ ចំនួន \(\displaystyle 1\) ហៅថាផលសងរួមនៃស្វ៊ីត ។ ស្វ៊ីត \(\displaystyle 1, 2, 3, 4, 5, \dots\) ហៅថាស្វ៊ីតនព្វន្តដែលមានផលសងស្មើ \(\displaystyle 1\) ។

និយមន័យ

ស្វ៊ីតនព្វន្ត គឺជាស្វ៊ីតនៃចំនួនពិតដែលមានតួនីមួយៗ (ក្រៅពីតួទី \(\displaystyle 1\)) ស្មើនឹងតួមុនបន្ទាប់បូកចំនួនថេរ \(\displaystyle d\) មួយ ហៅថាផលសងរួម ។

ជាទូទៅ

ផលសងរួមនៃស្វ៊ីតនព្វន្តតាងដោយ \(\displaystyle d\) កំណត់ដោយ

\[d = a_2 - a_1 = a_3 - a_2 = \dots = a_{n+1} - a_n\]

2. តួទី n នៃស្វ៊ីតនព្វន្ត

ឧទាហរណ៍ : ស្វ៊ីត \(\displaystyle 1, 2, 3, 4, 5, \dots\) ជាស្វ៊ីតនព្វន្តដែលមាន \(\displaystyle a_1 = 1\) និង \(\displaystyle d = 1\) ។

\[\begin{aligned} a_1 &= 1 \\ a_2 &= 2 = 1 + 1 = a_1 + d \\ a_3 &= 3 = 2 + 1 = a_1 + 2d \\ a_4 &= 4 = 3 + 1 = a_1 + 3d \\ a_5 &= 5 = 4 + 1 = a_1 + 4d \end{aligned}\]

តួនីមួយៗ (ក្រៅពីតួទី \(\displaystyle 1\)) ស្មើនឹងតួទី \(\displaystyle 1\) បូក \(\displaystyle d, 2d, 3d, \dots\) រៀងគ្នា ។

ជាទូទៅ

\(\displaystyle (a_n)\) ជាស្វ៊ីតនព្វន្តដែលមានតួទី \(\displaystyle 1\) គឺ \(\displaystyle a_1\) និងផលសងរួម \(\displaystyle d\) ។ តួទី \(\displaystyle n\) កំណត់ដោយ

\[a_n = a_1 + (n - 1) \times d\]
១លំហាត់គំរូ ១

គេមានស្វ៊ីតនព្វន្ត \(\displaystyle 2, 8, 14, 20, \dots\) ។

  1. ក. គណនាតួទី \(\displaystyle 20\)
  2. ខ. តើចំនួន \(\displaystyle 236\) ជាតួទីប៉ុន្មាននៃស្វ៊ីត?
ដំណោះស្រាយ

\(\displaystyle a_1 = 2\), \(\displaystyle a_2 = 8\) នាំឱ្យ \(\displaystyle d = 8 - 2 = 6\) ។

  1. ក. \(\displaystyle a_{20} = 2 + (20 - 1) \times 6 = 116\) ។
  2. ខ. \(\displaystyle 236 = 2 + (n - 1) \times 6\) ឬ \(\displaystyle 236 = 6n - 4\) នាំឱ្យ \(\displaystyle 6n = 240\) និង \(\displaystyle n = 40\) ។ ចំនួន \(\displaystyle 236\) ជាតួទី \(\displaystyle 40\) ។
២លំហាត់គំរូ ២

តំណាងក្រុមហ៊ុនធានារ៉ាប់រងមួយទទួលប្រាក់បៀវត្សក្នុងឆ្នាំទី \(\displaystyle 1\) គឺ \(\displaystyle 30\) លានរៀល និងក្នុងឆ្នាំទី \(\displaystyle 7\) គឺ \(\displaystyle 60\) លានរៀល ។ ប្រាក់បៀវត្សប្រចាំឆ្នាំបង្កើតបានជាស្វ៊ីតនព្វន្ត ។ កំណត់ប្រាក់បៀវត្សក្នុងឆ្នាំទី \(\displaystyle 10\) ។

ដំណោះស្រាយ

\(\displaystyle a_1 = 30\) និង \(\displaystyle a_7 = 60\) ។

\[60 = 30 + (7 - 1)d \implies d = 5\]
\[a_{10} = 60 + (10 - 7) \times 5 = 75\]

ប្រាក់បៀវត្សក្នុងឆ្នាំទី \(\displaystyle 10\) គឺ \(\displaystyle 75\) លានរៀល ។

✎ប្រតិបត្តិ
  1. ក. គេឱ្យស្វ៊ីតនព្វន្តមួយដែល \(\displaystyle a_1 = 2\) និង \(\displaystyle a_2 = 9\) ។ កំណត់តួទី \(\displaystyle 5\) និងគណនា \(\displaystyle a_6\) ។
  2. ខ. សៀវភៅមួយក្បាលមាន \(\displaystyle 100\) ទំព័រចុះលេខពី \(\displaystyle 1\) ដល់ \(\displaystyle 100\) ។ រកចំនួនទំព័រដែលមានលេខខាងចុង \(\displaystyle 5\) ។
មើលចម្លើយ
  1. ក. \(\displaystyle d = 7\) នាំឱ្យ \(\displaystyle a_5 = 30\) និង \(\displaystyle a_6 = 37\) ។
  2. ខ. ទំព័រ \(\displaystyle 5, 15, \dots, 95\) មាន \(\displaystyle 10\) ទំព័រ ។

3. ផលបូក n តួដំបូងនៃស្វ៊ីតនព្វន្ត

គេមានស្វ៊ីតនព្វន្ត \(\displaystyle a_1, a_2, a_3, a_4, a_5, a_6\) ។ \(\displaystyle a_1\) និង \(\displaystyle a_6\) ហៅថាតួចុង ។ \(\displaystyle a_2\) និង \(\displaystyle a_5\) ហើយ \(\displaystyle a_3\) និង \(\displaystyle a_4\) ហៅថាតួនៅស្មើចម្ងាយពីតួចុង ។

ដោយ \(\displaystyle a_n = a_1 + (n - 1)d\) គេបាន

\[\begin{aligned} a_1 + a_6 &= a_1 + a_1 + 5d = 2a_1 + 5d \\ a_2 + a_5 &= (a_1 + d) + (a_1 + 4d) = 2a_1 + 5d \\ a_3 + a_4 &= (a_1 + 2d) + (a_1 + 3d) = 2a_1 + 5d \end{aligned}\]

ដូច្នេះ \(\displaystyle a_1 + a_6 = a_2 + a_5 = a_3 + a_4\) ។

ជាទូទៅ

ចំពោះស្វ៊ីតនព្វន្ត \(\displaystyle a_1, a_2, a_3, \dots, a_{n-2}, a_{n-1}, a_n\) ផលបូកតួចុងស្មើនឹងផលបូកតួស្មើចម្ងាយពីតួចុង

\[a_1 + a_n = a_2 + a_{n-1} = a_3 + a_{n-2} = \dots\]

គេប្រើលក្ខណៈនេះដើម្បីគណនាផលបូកតួ

\[\begin{aligned} S_n &= a_1 + a_2 + \dots + a_n \\ S_n &= a_n + a_{n-1} + \dots + a_1 \\ 2S_n &= n(a_1 + a_n) \end{aligned}\]

ដូច្នេះ \(\displaystyle S_n = \frac{n}{2}(a_1 + a_n)\) ។

ជាទូទៅ

ផលបូក \(\displaystyle n\) តួដំបូងនៃស្វ៊ីតនព្វន្តកំណត់ដោយ

\[S_n = \frac{n}{2}(a_1 + a_n) \quad \text{ឬ} \quad S_n = \frac{n\bigl[2a_1 + (n - 1)d\bigr]}{2}\]
១លំហាត់គំរូ ១

គេមានស្វ៊ីតនព្វន្ត \(\displaystyle 51, 47, 43, \dots\) ។ កំណត់ \(\displaystyle n\) ដែល \(\displaystyle S_n\) មានតម្លៃអតិបរមា និងកំណត់តម្លៃនោះ ។

ដំណោះស្រាយ

\(\displaystyle d = -4\) និង \(\displaystyle a_1 = 51\) នាំឱ្យ

\[a_n = 51 + (n - 1)(-4) = 55 - 4n\]

\(\displaystyle a_n > 0\) ចំពោះ \(\displaystyle n = 1, 2, \dots, 13\) និង \(\displaystyle a_n < 0\) ចំពោះ \(\displaystyle n \ge 14\) ។ ដូច្នេះ \(\displaystyle S_n\) អតិបរមានៅ \(\displaystyle n = 13\) និង

\[S_{13} = \frac{51 + (55 - 4 \times 13)}{2} \times 13 = 351\]
២លំហាត់គំរូ ២

គេរៀបឥដ្ឋទីធ្លាមុខផ្ទះមួយដែលមានរាងជាចតុកោណព្នាយ ។ ទីធ្លានោះមាន \(\displaystyle 18\) ជួរ ។ ជួរទី \(\displaystyle 1\) មានឥដ្ឋ \(\displaystyle 14\) ដុំ ហើយជួរបន្តបន្ទាប់មានចំនួនឥដ្ឋលើសជួរមុន \(\displaystyle 1\) ដុំ រហូតដល់ជួរទី \(\displaystyle 18\) មាន \(\displaystyle 31\) ដុំ ។ តើគេត្រូវចំណាយឥដ្ឋប៉ុន្មានដុំ?

ដំណោះស្រាយ

\(\displaystyle a_1 = 14\), \(\displaystyle a_{18} = 31\) និងមាន \(\displaystyle 18\) ជួរ ។

\[S_{18} = \frac{(14 + 31) \times 18}{2} = 405\]

ការរៀបទីធ្លាត្រូវចំណាយឥដ្ឋ \(\displaystyle 405\) ដុំ ។

៣លំហាត់គំរូ ៣

ការងាររដូវក្តៅ \(\displaystyle 2\) សម្រាប់រយៈពេល \(\displaystyle 3\) ខែ ឬ \(\displaystyle 12\) សប្តាហ៍ ។ ការងារ A ទទួលបាន \(\displaystyle 400\,000\) រៀលក្នុងមួយខែ ហើយដំឡើង \(\displaystyle 100\,000\) រៀលរៀងរាល់ខែ ។ ការងារ B ទទួល \(\displaystyle 100\,000\) រៀលក្នុងមួយសប្តាហ៍ ហើយដំឡើង \(\displaystyle 5\,000\) រៀលរៀងរាល់សប្តាហ៍ ។ តើការងារណាមួយឱ្យប្រាក់ច្រើនជាង?

ដំណោះស្រាយ

ការងារ A ៖

\[S_A = 400\,000 + 500\,000 + 600\,000 = 1\,500\,000\]

ការងារ B ជាស្វ៊ីតនព្វន្ត \(\displaystyle a_1 = 100\,000\), \(\displaystyle d = 5\,000\) ។

\[a_{12} = 100\,000 + 11 \times 5\,000 = 155\,000\]
\[S_B = \frac{(100\,000 + 155\,000) \times 12}{2} = 1\,530\,000\]

ប្រាក់ពីការងារ B ច្រើនជាង នាំឱ្យការងារ B ប្រសើរជាង ។

✎ប្រតិបត្តិ
    1. ក. គណនាផលបូក \(\displaystyle (-6) + (-1) + 4 + 9 + \dots + 64\) ។
    2. ខ. គណនាផលបូក \(\displaystyle 25\) តួដំបូងនៃស្វ៊ីតនព្វន្ត \(\displaystyle 2, 7, 12, 17, \dots\) ។
  1. ការងារ A ទទួល \(\displaystyle 325\,000\) រៀលក្នុងមួយខែ ហើយដំឡើង \(\displaystyle 100\,000\) រៀលរៀងរាល់ខែ អស់ \(\displaystyle 3\) ខែ ។ ការងារ B ទទួល \(\displaystyle 80\,000\) រៀលក្នុងមួយសប្តាហ៍ ហើយដំឡើង \(\displaystyle 3\,000\) រៀលរៀងរាល់សប្តាហ៍ អស់ \(\displaystyle 12\) សប្តាហ៍ ។ តើការងារណាមួយឱ្យប្រាក់ច្រើនជាង?
មើលចម្លើយ
    1. ក. \(\displaystyle d = 5\) មាន \(\displaystyle 15\) តួ និង \(\displaystyle S_{15} = 435\) ។
    2. ខ. \(\displaystyle S_{25} = 1550\) ។
  1. ការងារ A ឱ្យ \(\displaystyle 1\,275\,000\) រៀល ការងារ B ឱ្យ \(\displaystyle 1\,158\,000\) រៀល នាំឱ្យការងារ A ប្រសើរជាង ។

លំហាត់

  1. សរសេររូបមន្តតួទី \(\displaystyle n\) នៃស្វ៊ីតនព្វន្តខាងក្រោម ៖

    1. ក. \(\displaystyle 4, 15, 26, 37, \dots\)
    2. ខ. \(\displaystyle 5, 1, -3, -7, -11, \dots\)
    3. គ. \(\displaystyle -2, -9, -16, -23, \dots\)
    4. ឃ. \(\displaystyle 7, 12, 17, 22, 27, \dots\)
  2. សរសេរប្រាំតួដំបូងនៃស្វ៊ីតនព្វន្តដែលកំណត់ដោយ ៖

    1. ក. \(\displaystyle a_1 = 3,\ a_2 = 10\)
    2. ខ. \(\displaystyle a_n = -7 + 3n\)
  3. គេមានស្វ៊ីតនព្វន្ត \(\displaystyle -8, -3, 2, 7, \dots\) ។

    1. ក. គណនា \(\displaystyle a_{17}\) និង \(\displaystyle a_{43}\)
    2. ខ. តើតួទីប៉ុន្មាននៃស្វ៊ីតស្មើនឹង \(\displaystyle 322\)?
  4. កំណត់ចំនួនតួនៃស្វ៊ីតនព្វន្តខាងក្រោម ៖

    1. ក. \(\displaystyle 18, 13, 8, \dots, -102\)
    2. ខ. \(\displaystyle -9, -4, 1, \dots, 171\)
  5. ក្នុងចំណោមស្វ៊ីតខាងក្រោម តើស្វ៊ីតណាជាស្វ៊ីតនព្វន្ត?

    1. ក. \(\displaystyle a_n = 13 + 6(n - 1)\)
    2. ខ. \(\displaystyle a_1 = 3,\ a_{n+1} = a_n - \frac{1}{4}\)
  6. គេឱ្យ \(\displaystyle (a_n)\) ជាស្វ៊ីតនព្វន្ត ។

    1. ក. \(\displaystyle a_{35} = 9,\ a_{45} = 17\) ។ គណនា \(\displaystyle a_{40}\) ។
    2. ខ. \(\displaystyle a_7 = \frac{7}{2},\ a_{13} = \frac{13}{2}\) ។ គណនា \(\displaystyle a_1\) ។
    3. គ. \(\displaystyle a_2 = -12,\ S_{12} = 18\) ។ គណនា \(\displaystyle a_1\), \(\displaystyle d\) និង \(\displaystyle U_6\) ។
  7. គេឱ្យស្វ៊ីតនព្វន្ត \(\displaystyle 2, 7, 12, \dots\) និងស្វ៊ីតនព្វន្ត \(\displaystyle 2, 5, 8, \dots\) ។ ក្នុងចំណោម \(\displaystyle 121\) តួដំបូងនៃស្វ៊ីតទាំងពីរ មានប៉ុន្មានតួដែលមានតម្លៃស្មើគ្នា?
  8. បង្ហាញថាស្វ៊ីត \(\displaystyle (a_n)\) ដែល \(\displaystyle a_n = \frac{2n+3}{4}\) ជាស្វ៊ីតនព្វន្តកើន ។
  9. ប្រាំចំនួនជាស្វ៊ីតនព្វន្ត ។ ផលបូកវាស្មើ \(\displaystyle 125\) ហើយផលបូកពីរតួដំបូងស្មើ \(\displaystyle 38\) ។ គណនាចំនួនទាំងនោះ ។
  10. ផលបូក \(\displaystyle 9\) តួដំបូងស្មើ \(\displaystyle 162\) ហើយផលបូក \(\displaystyle 12\) តួដំបូងស្មើ \(\displaystyle 288\) ។ គណនាផលបូក \(\displaystyle 30\) តួដំបូង ។
  11. បីចំនួនតគ្នាជាស្វ៊ីតនព្វន្ត ។ ផលបូកស្មើ \(\displaystyle 36\) និងផលគុណស្មើ \(\displaystyle 1428\) ។ រកចំនួនទាំងបី ។
  12. គណនាផលបូក ៖

    1. ក. \(\displaystyle 2 + 4 + 6 + \dots + 146\)
    2. ខ. \(\displaystyle 100 + 95 + 90 + 85 + \dots - 20\)
    3. គ. \(\displaystyle -193 - 189 - 185 - \dots - 21 - 17\)
    4. ឃ. \(\displaystyle 5\frac{1}{4} + 4\frac{1}{2} + 3\frac{3}{4} + \dots - 3\)
  13. អ្នកជិះកង់ម្នាក់ជិះបាន \(\displaystyle 15\) គីឡូម៉ែត្រក្នុង \(\displaystyle 1\) ថ្ងៃ ។ ប្រាំបីថ្ងៃក្រោយមក អ្នកជិះកង់ទីពីរចាប់ផ្តើមតាមផ្លូវដដែល ដោយថ្ងៃទីមួយជិះបាន \(\displaystyle 14\) គីឡូម៉ែត្រ ហើយថ្ងៃបន្ទាប់ជិះកើន \(\displaystyle 2\) គីឡូម៉ែត្ររៀងរាល់ថ្ងៃ ។ តើអ្នកទីពីរត្រូវចំណាយប៉ុន្មានថ្ងៃ ដើម្បីជិះទាន់អ្នកទីមួយ?
  14. សាលប្រជុំរាងចតុកោណព្នាយមានកៅអី \(\displaystyle 15\) ជួរ ។ ជួរមុខមាន \(\displaystyle 25\) កៅអី ជួរទី \(\displaystyle 2\) មាន \(\displaystyle 27\) កៅអី ជួរទី \(\displaystyle 3\) មាន \(\displaystyle 29\) កៅអី ហើយលំនាំនេះបន្តដល់ជួរខាងក្រោយ ។ គណនាចំនួនកៅអីទាំងអស់ ។

ចម្លើយលំហាត់

  1. ក. \(\displaystyle a_n = 11n - 7\)   ខ. \(\displaystyle a_n = 9 - 4n\)   គ. \(\displaystyle a_n = 5 - 7n\)   ឃ. \(\displaystyle a_n = 5n + 2\)
  2. ក. \(\displaystyle 3, 10, 17, 24, 31\)   ខ. \(\displaystyle -4, -1, 2, 5, 8\)
  3. ក. \(\displaystyle a_{17} = 72,\ a_{43} = 202\)   ខ. តួទី \(\displaystyle 67\)
  4. ក. \(\displaystyle 25\) តួ   ខ. \(\displaystyle 37\) តួ
  5. ទាំងពីរជាស្វ៊ីតនព្វន្ត ។ ក. \(\displaystyle d = 6\)   ខ. \(\displaystyle d = -\frac{1}{4}\)
  6. ក. \(\displaystyle a_{40} = 13\)   ខ. \(\displaystyle a_1 = \frac{1}{2}\)   គ. \(\displaystyle a_1 = -15,\ d = 3,\ U_6 = 0\)
  7. \(\displaystyle 25\) តួ ។ តួរួមគឺ \(\displaystyle 2 + 15k\) ចំពោះ \(\displaystyle k = 0, 1, \dots, 24\)
  8. \(\displaystyle a_{n+1} - a_n = \frac{1}{2} > 0\) នាំឱ្យស្វ៊ីតនព្វន្តកើន
  9. \(\displaystyle 17, 21, 25, 29, 33\)
  10. \(\displaystyle a_1 = 2,\ d = 4,\ S_{30} = 1800\)
  11. \(\displaystyle 7, 12, 17\)
  12. ក. \(\displaystyle 5402\)   ខ. \(\displaystyle 1000\)   គ. \(\displaystyle -4725\)   ឃ. \(\displaystyle \frac{27}{2}\)
  13. \(\displaystyle 12\) ថ្ងៃ (ចម្ងាយស្មើគ្នា \(\displaystyle 300\) គីឡូម៉ែត្រ)
  14. \(\displaystyle 585\) កៅអី

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១១ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។